(តូក្យូ)៖ នាយកប្រតិបត្តិក្រុមហ៊ុន Toyota បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុននឹងផ្តោតលើការលក់រថយន្តដឹកនិងរថយន្តតូចដើរដោយថាមពលអ៊ីដ្រូសែននៅទ្វីបអឺរ៉ុប និងប្រទេសចិន ដែលជាផ្នែកមួយនៃវិធានការជំរុញឱ្យលក់រថយន្តទាំងនេះឱ្យបានចំនួន ២សែនគ្រឿងនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរការផ្តោតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ដែលជាអ្នកគាំទ្រដ៏សំខាន់ទៅលើរថយន្តថាមពលអ៊ីដ្រូសែនសម្រាប់ធ្វើជាជម្រើសជំនួសរថយន្តអគ្គិសនី។
រហូតមកដល់ពេលនេះ ការផ្តោតរបស់ក្រុមហ៊ុន Toyota គឺលើរថយន្តដឹកអ្នកដំណើរ និងទីផ្សារអាមេរិកខាងជើង ពោលគឺជាវិធីសាស្រ្តមួយដែលបានជាប់គាំង។ ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រនេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន Toyota បានធ្វើឡើងចាប់តាំងពីក្រុមហ៊ុនបានបង្កើតអង្គភាពដែលផ្តោតលើថាមពលអ៊ីដ្រូសែនដាច់ដោយឡែកមួយក្នុងខែនេះ ដើម្បីពង្រីកការអនុវត្តបច្ចេកវិទ្យាឥន្ធនៈអ៊ីដ្រូសែនទៅក្នុងកម្មវិធីកម្មវិធីកាន់តែទូលំទូលាយ រួមទាំងការផលិតថាមពលលក្ខណៈឧស្សាហកម្ម និងរថយន្តដឹកទំនិញលក្ខណៈពាណិជ្ជកម្មជាដើម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Toyota លក់រថយន្តអ៊ីដ្រូសែនបានត្រឹមតែជាង ៣ ៩០០គ្រឿងក្នុងឆ្នាំ២០២២ ដែលតិចជាង ០,៥ភាគរយនៃការលក់រថយន្តទូទាំងពិភពលោករបស់ខ្លួនដែលមានប្រហែល ៩,៥លានគ្រឿង។
លោក Hiroki Nakajima ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Toyota បានប្រាប់អ្នកយកព័ត៌មានថា៖ «នេះប្រហែលជាវិធីចម្លែកមួយក្នុងការកំណត់ផែនការលក់នេះ ប៉ុន្តែ ២សែនគ្រឿងមិនមែនជាចំនួនធំទេ»។ លោកបានបន្ថែមថា៖ «យើងជឿថា យើងអាចសម្រេចបានការលក់ចំនួននេះ និងលក់បានច្រើនជាងនេះ»៕