(ព្រុចសែល)៖ មន្ត្រីរតនាគារជាន់ខ្ពស់អាមេរិកមួយរូបបានឱ្យដឹងនៅថ្ងៃចន្ទ អាមេរិកស្ថិតក្នុងស្ថានភាពល្អក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបមុនដំណាច់ឆ្នាំ២០២៣ ដើម្បីអាចឱ្យសារធាតុរ៉ែសំខាន់ៗដែលត្រូវបានជីកឬកែច្នៃនៅអឺរ៉ុបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអត្ថប្រយោជន៍ពីពន្ធយានយន្តថាមពលស្អាតរបស់អាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសដែលជាដៃគូអន្តរអាត្លង់ទិកទាំងពីរនេះគម្រោងនឹងចរចាអំពីថាតើសារធាតុរ៉ែសំខាន់ៗរបស់សហភាពអឺរ៉ុបអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលបានឧបត្ថម្ភធនស្ថិតក្រោមច្បាប់កាត់បន្ថយអតិផរណាអាមេរិក (IRA) ឬយ៉ាងណា និងអាចទទួលបានដោយរបៀបណា ដែលបានបង្កឱ្យមានការព្រួយបារម្ភនៅអឺរ៉ុបចំពោះភាពលម្អៀងរបស់ខ្លួនចំពោះផលិតកម្មអាមេរិក។

ច្បាប់ IRA គ្របដណ្តប់លើរ៉ែនានារួមានលីចូម ក្រាហ្វីត និងនីកែលដែលជាសារធាតុរ៉ែសំខាន់ៗ។

មន្ត្រីរតនាគាររូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ក្តីសង្ឃឹមរបស់យើងគឺធ្វើឱ្យមានការវិវឌ្ឍក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយនៅមុនដំណាច់ឆ្នាំនេះ នឹងបញ្ចប់កិច្ចព្រមព្រៀងរ៉ែសំខាន់ៗមួយចំនួនជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅទីនេះនៅអឺរ៉ុប»។

សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុនកាលពីខែមីនា។ ឥឡូវនេះ ទាំងសហភាពអឺរ៉ុបនិងអង់គ្លេសកំពុងព្យាយាមសម្រេចបានកិច្ចព្រមព្រៀងប្រហាក់ប្រហែលគ្នានេះដែរ។ សហរដ្ឋអាមេរិកបានរួមបញ្ចូលរួចហើយនូវប្រទេសនានាដែលខ្លួនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។

រដ្ឋាភិបាលសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងឯកភាពគ្នាលើអាណត្តិចរចាមួយសម្រាប់គណៈកម្មការអឺរ៉ុបនៅខែនេះ។

មន្ត្រីរូបនេះបានបន្ថែមថា៖ «ខ្ញុំគិតថាយើងស្ថិតក្នុងស្ថានភាពល្អក្នុងការបញ្ចប់រឿងនេះឱ្យបានលឿនតាមដែលពួកគេអាចធ្វើបាន ដោយពិចារណាទៅលើការពិតដែលថា យើងត្រូវធ្វើអ្វីមួយដែលស្របតាមច្បាប់កាត់បន្ថយអតិផរណា និងតម្រូវការក្នុងស្រុករបស់យើង»៕