(បាងកក)៖ តម្លៃអង្ករនៅតំបន់អាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ឆ្នាំ ខណៈដែលប្រទេសនាំចូលបង្កើនការទិញស្តុកទុកដោយបារម្ភថា បាតុភូតអាកាសធាតុក្ដៅអែលនីណូ (El Niño) នឹងធ្វើឱ្យប៉ះពាល់និងខូចខាតដល់ដំណាំស្រូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមអ្នកនាំចេញអង្ករថៃថា តម្លៃគោលក្នុងតំបន់សម្រាប់អង្ករសថៃប្រភេទបាក់ ៥% បានកើនឡើងប្រហែល ១៥% ក្នុងរយៈពេល ៤ខែចុងក្រោយនេះ ដល់ ៥៣៥ដុល្លារក្នុងមួយតោន ដែលជាតម្លៃខ្ពស់ខ្លាំងបំផុតគិតចាប់តាំងពីដើមខែមីនា ឆ្នាំ២០២១មក។

យោងតាមអង្គការឧតុនិយមពិភពលោកបានឱ្យដឹងថា ស្ថានភាពអាកាសធាតុអែលនីណូបានវិវត្តនៅតំបន់ត្រូពិចប៉ាស៊ីហ្វិកជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ដែលគំរាមកំហែងនាំមកនូវគ្រោះរាំងស្ងួតដល់តំបន់អាស៊ីអាគ្នេយ៍។ កត្តានេះកើតមានឡើងត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីកើតមានសីតុណ្ហភាពពិភពលោកក្តៅបំផុតមិនធ្លាប់មានកាលពីសប្តាហ៍មុនដែលបានបង្កើនក្តីបារម្ភអំពីល្បឿននៃការប្រែប្រួលអាកាសធាតុ។

ខណៈពេលដែលភ្លៀងមូសុងបាននាំមកនូវភាពធូរស្រាលដល់វាលស្រែក្នុងផ្នែកខ្លះនៃប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោក អាកាសធាតុស្ងួតកំពុងគំរាមកំហែងដល់ដំណាំនៅក្នុងប្រទេសថៃដែលជាអ្នកនាំចេញអង្ករធំលេខ២ក្នុងពិភពលោក ដោយប្រទេសនេះប្រឈមនឹងស្ថានភាពគ្រោះរាំងស្ងួតយ៉ាងទូលំទូលាយចាប់ពីដើមឆ្នាំ២០២៤ទៅ។ រដ្ឋាភិបាលថៃបានស្នើឱ្យកសិករដាក់កម្រិតដល់ការដាំដុះរបស់ពួកគេរួចហើយដោយស្នើឱ្យដាំដុះតែមួយរដូវប៉ុណ្ណោះក្នុងឆ្នាំនេះ។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ជាមួយនឹងបាតុភូតអាកាសធាតុអែលនីណូ យើងនឹងចាប់ផ្តើមមើលឃើញយ៉ាងច្បាស់ពីផលប៉ះពាល់នៃអាកាសធាតុស្ងួតនៅចុងខែកញ្ញា និងខែតុលា»។ លោកបានបន្ថែមថា៖ «លើសពីនេះទៀត យើងនឹងឃើញមានការបន្តទិញអង្ករស្តុកទុកនៅពេលដែលបាតុភូតអែលនីណូអាចនឹងបន្តអូសបន្លាយដល់ឆ្នាំក្រោយ»៕