(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីកំពុងស្វែងរកសំណើពីក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងគូឡាឡាំពួ និងប្រទេសសិង្ហបុរី ដែលនឹងធ្វើឱ្យគម្រោងផ្លូវរថភ្លើងតម្លៃរាប់ពាន់លានដុល្លារដែលត្រូវបានលុបចោលកាលពីជាងពីរឆ្នាំមុនរស់រានឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីកាលពីឆ្នាំ២០២១ បានលុបចោលផែនការសាងសង់ផ្លូវដែកប្រវែង ៣៥០គីឡូម៉ែត្ររបស់ខ្លួន បន្ទាប់ពីប្រទេសទាំងពីរបានបរាជ័យក្នុងការឯកភាពគ្នាលើសំណើសុំកែប្រែជាច្រើនចំពោះគម្រោងនេះ។

ក្រុមហ៊ុននានាមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបបានសម្តែងចំណាប់អារម្មណ៍លើកិច្ចសន្យាសាងសង់ ប្រតិបត្តិការ និងផ្តល់ហិរញ្ញប្បទានដល់រថភ្លើង និងទ្រព្យសកម្មរបស់ផ្លូវដែកនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន MyHSR Corp ដែលអង្គភាពមួយរបស់រដ្ឋាភិបាលម៉ាឡេស៊ីទទួលខុសត្រូវលើគម្រោងរថភ្លើងនេះបានអំពាវនាវឱ្យវិស័យឯកជនដាក់សំណើដើម្បីអភិវឌ្ឍ និងដំណើរការគម្រោងនេះតាមរយៈភាពជាដៃគូសាធារណៈនិងឯកជន។

ក្រុមហ៊ុន MyHSR បានអញ្ជើញក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិឱ្យចូលរួមដាក់សំណើនេះ។

ក្រុមហ៊ុន MyHSR បាននិយាយថា៖ «(ដំណើរការនេះ) គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យគម្រោងនេះដំណើរការឡើងវិញតាមរយៈយន្តការផ្តល់មូលនិធិនិងគំរូនៃការអនុវត្តថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងដើម្បីជំរុញសេដ្ឋកិច្ចជាតិ»។

ក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរីមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។

កាលពីឆ្នាំមុន សិង្ហបុរីបានឱ្យដឹងថា ខ្លួនបើកចំហចំពោះសំណើថ្មីៗពីម៉ាឡេស៊ីលើគម្រោងនេះ៕