(ភ្នំពេញ)៖ រយៈពេល៦ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារប្រទេសនានា ទទួលបានទឹកប្រាក់ជាង ១១.៤៦ពាន់លានដុល្លារអាមេរិក ​កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ ជាង ១១.៣៧ពាន់លានដុល្លារ ដែលនេះបង្ហាញពីទំនោរនាំចេញកើនឡើងបន្តិចវិញ ក្រោយការនាំធ្លាក់ចុះ ៥ខែជាប់គ្នា។ នេះបើទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដដែលនេះបានបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានតម្លៃជាង ២៣.​៦៩ពាន់លានដុល្លារ ថយចុះ១៣% ហើយក្នុងនោះកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ ១១.៤៦ពាន់លានដុល្លារ កើនឡើង ០.៨% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ១២ពាន់លានដុល្លារ ថយចុះ២២.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

ដោយឡែកការនាំចេញក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មានតម្លៃជាង ២.២៨ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងកាលពីឆ្នាំមុន ដែលមានតម្លៃតែ ១.៩៦ពាន់លានដុល្លារប៉ុណ្ណោះ។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបានចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៤ពាន់លានដុល្លារថយចុះ ៨.៩%, ចិនមានតម្លៃជាង ៧១៣លានដុល្លារ កើនឡើង១៦.៦%, វៀតណាមជាង ១ពាន់លានដុល្លារ កើនឡើង ២១.៧% ជប៉ុនជាង ៥៤៥លានដុល្លារ កើនឡើង ០.៦%, អាល្លឺម៉ង់មានតម្លៃជាង ៤៤៥លានដុល្លារ ថយចុះ១៥.៧% , កាណាដាមានតម្លៃជាង ៤១៦លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញដែលកម្ពុជាបាននាំចេញមានដូចជា ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយជាង ២.៤ពាន់លានដុល្លារ ថយចុះ ២១​.៥%, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​ជាង ១.៥ពាន់លានដុល្លារកើនឡើង ១០៨.៧%,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃជាង ១.១ពាន់លានដុល្លារ និងផលិតផលស្បែកជើងជាង ៧០០លានដុល្លារថយចុះ ១៧.២%​៕