(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសចិនបានឈរនៅលេខរៀងទី១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់ជាង ៧០០លានដុល្លារ ស្មើជាង៦៥.៣៨% នៃការវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២វិញ ដោយបានចូលរួមចំណែកប្រមាណ២០% នៃទុនវិនិយោគសរុប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យនានា ក្នុងទំហំជាង ១ ១០៥ លានដុល្លារ ក្នុងនោះការវិនិយោគពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣នៃទុនវិនិយោគសរុប។ ចំណែកការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែកប្រមាណ២០% នៃទុនវិនិយោគសរុប ដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។ តាមពីក្រោយកម្ពុជា គឺប្រទេសវៀតណាម មានចំណែកវិនិយោគ ៦.៦៤% ដែលមានទឹកប្រាក់ប្រមាណជាង៧៣ លានដុល្លារ។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បានលើកឡើងថា ចំនួនគម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ មានការកើនឡើងចំនួន ១៥គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលការនេះពុំមែនជាការចៃដន្យនោះ តែកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការហូរចូលនៃទុនវិនិយោគពីប្រទេសចិន គឺជាបើកឱ្យមានលំហូរចូលទុនវិនិយោគមកប្រទេសកម្ពុជាឡើងវិញ ដែលជាមូលដ្ឋានមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើន និងជាមូលដ្ឋាននៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោកបន្តថា វិស័យអទិភាពដែលចិនមកវិនិយោគច្រើនជាងគេ គឺវិស័យសំណង់ និងវិស័យកែច្នៃកសិឧស្សាហកម្មសម្រាប់នាំចេញ ដែលជាវិស័យល្អមួយសម្រាប់ជួយដល់កសិករខ្មែរ។
តែយ៉ាងណា លោកកត់សម្គាល់ថា បើទោះបីជាទុនវិនិយោគពីចិន ហូរចូលជាបន្តបន្ទាប់ តែអាចនឹងមិនទាន់ជួយដល់វិស័យសំណង់ និងអចលនទ្រព្យ ដែលកំពុងជាប់គាំងនេះឱ្យប្រសើរវិញបានទេ ដោយសារការវិនិយោគរបស់ចិន លើវិស័យសំណង់ធំៗប៉ុណ្ណោះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ឆមាសទី១ឆ្នាំនេះ ការវិនិយោគលើវិស័យកសិឧស្សាហកម្មមានចំនួន ៧គម្រោង ដែលមានទុនវិនិយោគជាង ១៦៣លានដុល្លារ, វិស័យឧស្សាហកម្មមានចំនួន ១០២គម្រោង មានទុនវិនិយោគជាង ៨៥៩លានដុល្លារ, វិស័យទេសចរណ៍ មានចំនួន៣គម្រោង ក្នុងទុនវិនិយោគ ជាង៦៨លានដុល្លារ ,ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន១គម្រោង ក្នុងទុនវិនិយោគ១៤លានដុល្លារ។
គម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់មួយចំនួនដូចជា គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខា្នតធំ គម្រោងវិនិយោគអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗ គម្រោងបង្កើតរោងចក្រកែច្នៃស្វាយ រួមនឹងគម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលំអរផ្សេងៗ៕