(ប៉េកាំង)៖ ធនាគារកណ្តាលចិន កាលពីថ្ងៃចន្ទបានបន្លាយពេលអនុវត្តគោលនយោបាយមួយចំនួន នៅក្នុងកញ្ចប់គោលនយោបាយសង្គ្រោះ ដែលបានដាក់ចេញកាលពីខែវិច្ឆិកាឆ្នាំមុន រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីពង្រឹងវិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

គោលនយោបាយគាំទ្រ នាពេលបច្ចុប្បន្នសម្រាប់វិស័យនេះ មិនទទួលបានការទាក់ទាញឡើយ ហើយទីផ្សាររំពឹងថា ការវិធានការជំរុញបន្ថែមទៀតនឹងត្រូវបានដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ។

កាលពីខែវិច្ឆិកាឆ្នាំមុន ធនាគារកណ្តាលចិន បានចេញសេចក្តីជូនដំណឹងមួយ ដែលបង្ហាញពីវិធានការចំនួន១៦ ដើម្បីគាំទ្រដល់វិស័យដែលជួបបញ្ហាសាច់ប្រាក់នេះ រួមទាំងការពន្យារពេលសងប្រាក់កម្ចី ក្នុងវិធានការជំរុញមួយ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ ដែលបានញាំញីវិស័យនេះ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយធនាគារកណ្តាលចិនថា ការបន្លាយពេលអនុវត្តគោលនយោបាយនេះ លើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យ ឱ្យធ្វើការចរចាដោយឯករាជ្យ និងគាំទ្រយ៉ាងសកម្មដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ តាមរយៈការបង្វិល (rollover) ប្រាក់កម្ចីដែលមានស្រាប់ និងការកែសម្រួលការរៀបចំការទូទាត់សងប្រាក់កម្ចី។

ធនាគារកណ្តាលចិនបានបន្ថែមថា ការបន្តរយៈពេលមួយឆ្នាំបន្ថែមទៀត ចំពោះប្រភេទប្រាក់កម្ចីដែលមានស្រាប់ទាំងនេះ ដែលនឹងដល់ពេលត្រូវសងមុនដំណាច់ឆ្នាំ២០២៤ ត្រូវបានអនុញ្ញាត។

ធនាគារកណ្តាលចិនក៏បានឱ្យដឹងផងដែរថា ប្រាក់កម្ចីដែលផ្តល់ជូន ដើម្បីគាំទ្រដល់គម្រោងសាងសង់ដែលមិនទាន់បានបញ្ចប់ នៅមុនដំណាច់ឆ្នាំ២០២៤ នឹងមិនត្រូវបានទម្លាក់ចំណាត់ថ្នាក់ ចូលទៅក្នុងចំណាត់ថ្នាក់ហានិភ័យឡើយ នៅក្នុងរយៈពេលផ្តល់កម្ចីនេះ៕