(បាងកក)៖ រដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ការពាក្យស្នើសុំវិនិយោគ នៅប្រទេសថៃចន្លោះពីខែមករា ដល់ខែមិថុនា បានកើនឡើង ៧០ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលជំរុញដោយគម្រោងរបស់វិនិយោគិនបរទេស ក្នុងវិស័យអេឡិចត្រូនិក អាហារ និងរថយន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រុមប្រឹក្សាវិនិយោគថៃ (BOI) ថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ពាក្យស្នើសុំវិនិយោគសរុបមានទឹកប្រាក់ចំនួន ៣៦៤.៤ពាន់លានបាត (១០.៣៧ពាន់លានដុល្លារ) ហើយការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើង ១៤១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣០៤ពាន់លានបាត។

ប្រទេសចិន គឺជាវិនិយោគិនធំជាងគេ ដោយមានគម្រោងតម្លៃ ៦១.៥ពាន់លានបាត (១.៧៥ពាន់លានដុល្លារ) ខណៈដែលសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ២ មានតម្លៃវិនិយោគ ៥៩ពាន់លានបាត (១.៦៨ពាន់លានដុល្លារ) និងជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ មានទឹកប្រាក់ ៣៥.៣ពាន់លានបាត (១ពាន់លានដុល្លារ)។

ក្រុមប្រឹក្សាវិនិយោគបានឱ្យដឹងថា ការកើនឡើងពាក្យស្នើសុំវិនិយោគនៅឆមាសទីមួយនេះ ត្រូវបានជំរុញដោយឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ ដែលមានគម្រោងវិនិយោគចំនួន៨០ មានតម្លៃ ១៩.៦ពាន់លានបាត (៥៥៨លានដុល្លារ)។

ប្រទេសថៃដែលជាមជ្ឈមណ្ឌលផលិតរថយន្ត ក្នុងតំបន់ដ៏សំខាន់រួចហើយនោះ កំពុងលើកកម្ពស់រថយន្តអគ្គិសនី (EVs) ព្រោះប្រទេសនេះក៏មានគោលបំណងក្លាយជាមជ្ឈមណ្ឌល សម្រាប់ការផលិតរថយន្ត EV នៅអាស៊ីអាគ្នេយ៍។

ការវិនិយោគក្នុងផលិតកម្មរថយន្តអគ្គិសនី ដែលត្រូវបានអនុម័តរហូតមកដល់ពេលនេះ រួមមានគម្រោងរបស់ក្រុមហ៊ុន BYD របស់ប្រទេសចិន និងក្រុមហ៊ុន Great Wall Motor។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕