(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ កិច្ចសហប្រតិបត្តិការនេះ នឹងជំរុញបន្ថែមលើវិស័យទេសចររវាងប្រទេសទាំងពីរ។

ការចុះអនុស្សរណៈនេះរៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Larry Wang អនុប្រធានក្រុមហ៊ុន UnionPay International នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការចុះអនុស្សរណៈនេះ ជាការផ្ដល់ក្របខណ្ឌសហប្រតិបត្តិការរវាង UnionPay និងប្រព័ន្ធបាគង KHQR នៅពេលដែលការតភ្ជាប់សម្រេចបាននោះនឹងឃើញថា ប្រជាជនកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិន អាចស្កេន និងទូទាត់តាមប្រព័ន្ធ QR Code នៅក្នុងប្រទេសចិនមានដូចជា UnionPay Wechat និង Alipay ជាដើម។ ដូច្នេះប្រជាជនខ្មែរជាង១០លាននាក់ ដែលមានការបូបអេឡិចត្រូនិក អាចទូទាត់តាមប្រព័ន្ធទាំងនេះបានយ៉ាងងាយស្រួល។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ក្នុងនោះទេសចរចិនដែលមកកាន់កម្ពុជាមានប្រព័ន្ធរបស់ UnionPay អាចទូទាត់ប្រាក់នៅកម្ពុជាបាន។ ចំពោះកិច្ចសហប្រតិបត្តិការនេះ បានផ្ដល់ភាពងាយស្រួលមួយកម្រិតថែមទៀត ទាំងទេសចរចិនមកកម្ពុជា និងកម្ពុជាទៅកាន់ប្រទេសចិន អ្វីដែលសំខាន់ជាងនេះ គឺការសហការរវាងធនាគារជាតិនៃកម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត គឺជំរុញការប្រើប្រាស់ប្រាក់រៀល ដូច្នេះសម្រាប់ការទូទាត់ទាល់តែប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀលទើបអាចទូទាត់ប្រាក់ ជាមួយបណ្ដាប្រទេសជាដៃគូបាន»។

ដូចគ្នាសម្រាប់ប្រជាជនថៃ ឬចិនមកកាន់កម្ពុជា អាចទូទាត់ទំនិញនៅក្នុងប្រទេសកម្ពុជាបាន លុះត្រាតែអាជីវករមានគណនីជាប្រាក់រៀល ឬមានប្រព័ន្ធ QR Code ទូទាត់ជាប្រាក់រៀល ទើបអាចឲ្យទេសចរទាំងនោះ ទូទាត់នៅកម្ពុជាបាន នេះជាការសហការរួមគ្នា ដែលប្រទេសចិនក៏ជំរុញការទូទាត់ប្រាក់យ័ន ចំណែកកម្ពុជាក៏ជំរុញការទូទាត់ប្រាក់រៀល។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា នៅពេលកិច្ចសហប្រតិបត្តិការនេះ ទទួលបានជោគជ័យនឹងជួយមួយផ្នែកទៅលើវិស័យទេសចរ ព្រោះថា ការមានប្រព័ន្ធទូទាត់ឆ្លងដែននេះ បានផ្ដល់ទាំងភាពងាយស្រួល, សុវត្ថិភាព និងកាត់បន្ថយហានិភ័យអត្រាប្ដូរប្រាក់។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ចំពោះការចុះអនុស្សរណៈក្នុងថ្ងៃនេះ គឺដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការប៉ុណ្ណោះ ដូច្នេះក្រុមការងារទាំងកម្ពុជា-ចិន នឹងបន្ដធ្វើការជាមួយគ្នាបន្ថែមទៀត ជាការរំពឹងទុកថា នៅដើមឆ្នាំក្រោយ កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»។ ​

បច្ចុប្បន្ននេះកម្ពុជាបានសហប្រតិបត្តិការ ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងសហការជាមួយប្រទេសឡាវ, ចិន, ឥណ្ឌា និងប្រទេសវៀតណាម។

សូមជម្រាបថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតរវាងកម្ពុជា និងថៃទាំង២ដំណាកកាល ប្រកបដោយភាគជោគជ័យ ក្នុងនោះដំណាក់កាលទី១ត្រូវបានអនុញ្ញាតឲ្យប្រជាជនកម្ពុជា ទូទាត់ឆ្លងដែនជាប្រាក់រៀលនៅក្នុងប្រទេសថៃ ចំណែកដំណាកកាលទី២ អនុញ្ញាតឲ្យថៃស្កេនឃ្យូអរកូតនៅកម្ពុជា៕