(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២២ពាន់កន្លែង។
លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, គម្រោងចំនួន៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។
លោក សុខ ចិន្ដាសោភា បានឲ្យដឹងទៀតថា បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួន១.៩ប៊ីលានដុល្លារ ដោយតែកាលពីឆមាសទី១ ឆ្នាំ២០២២ មានគម្រោងធំៗមួយចំនួនដូចជា៖ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅខេត្តកំពត ទុនវិនិយោគ ១.៣ប៊ីលានដុល្លារ, គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ ក្នុងទុនវិនិយោគ ៣៨៩លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ទុនវិនិយោគចំនួន ២៩៧លានដុល្លារ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក សុខ ចិន្ដាសោភា បានគូសបញ្ជាក់ថា បើពិនិត្យលើចំនួនគម្រោងវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ឃើញថាមានការកើនឡើងចំនួន១៥គម្រោង ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
លោកថា ការនេះពុំមែនជាការចៃដន្យនោះទេ តែកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃដែលបានទទួលជ័យជម្នះយ៉ាងធំធេង ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានជួយធានាសុវត្ថិភាពសុខភាពសាធារណៈកម្ពុជា ក៏ដូចជាការបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស។
លោក សុខ ចិន្ដាសោភា បានឲ្យដឹងទៀតថា ជាក់ស្តែង ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើង ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ និងឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការងើបឡើងវិញជាបណ្តើរៗក្នុងវិស័យនេះ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩៕