(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង លោក Nicholas Moore បេសកជនពិសេសទទួលបន្ទុកកិច្ចការ អាស៊ីអាគ្នេយ៍ នៃរដ្ឋាភិបាលអូស្រ្តាលី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឲ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជា ដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើមស្តីពីការវិនិយោគបរទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងតំបន់មេគង្គ។
ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក Justin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី, លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, ស្ថានទូត និងវិស័យឯកជន សរុបប្រមាណ ៧០រូប។ ពិធីនេះបានរៀបចំធ្វើឡើង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood ភ្នំពេញ។
លោក សុខ ចិន្តាសោភា បានថ្លែងនូវការកោតសរសើរជូនចំពោះក្រុមការងារ រៀបចំសៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលបានរួមគ្នាចងក្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានគន្លឹះនានា សម្រាប់ជាពុទ្ធិ ដល់វិនិយោគិន ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគ នៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលជានិច្ចកាលតែងតែ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ជាក់ស្តែងក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យវិនិយោគ ភាគីទាំងពីរ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
បន្ថែមពីលើឯកសារគតិយុត្តខាងលើ គំនិតផ្តួចផ្តើម និងគម្រោងនានា របស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានដាក់ចេញ ឲ្យអនុវត្តន៍ជាបន្តបន្ទាប់សំដៅគាំទ្រ ដល់យុទ្ធនាការជំរុញនិងទាក់ទាញរំហូរវិនិយោគ ប្រកបដោយគុណភាពមកកាន់កម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ក៏ដូចជាការបង្កើតនូវក្របខ័ណ្ឌច្បាប់ និងគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណ ទុកជាមុន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃកម្ពុជា បន្ថែមពីលើច្បាប់ ស្តីពីវិនិយោគនៃកម្ពុជា ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីអូស្ត្រាលី ក្នុងការរួមចំណែកជំរុញការផ្សព្វផ្សាយ និង ពង្រឹងសមត្ថភាពរបស់មន្ត្រី ក្នុងការទាក់ទាញវិនិយោគក្នុងវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា។
នាឱកាសនេះផងដែរ លោក Nicholas Moore បានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល តែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងវិស័យឯកជនអូស្ត្រាលី តាមរយៈការសម្របសម្រួល, ផ្តល់ការលើកទឹកចិត្ត និងផ្តល់ការថែទាំលើគម្រោងវិនិយោគនានាដែលបាននិងកំពុងមានអត្ថិភាពលើទឹកដីកម្ពុជា។
ទន្ទឹមនេះ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលី និងច្បាមយកប្រយោជន៍សេដ្ឋកិច្ច ជាអតិបរមាពីយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យ វែងឆ្ងាយមួយនេះ។
ក្នុងន័យនេះ លោកក៏បានបង្ហាញអំពីឆន្ទៈ ក្នុងការជំរុញវិនិយោគិនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា លើវិស័យគន្លឹះនានាទាំងក្រោមរូបភាព វិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន៕