(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង៥០% ហើយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ។

លោកបញ្ជាក់ទៀតថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។

លោកបន្ថែមទៀតថា​ បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់ធុនធំៗ ដែលមានកូដអេហ្វ (Code F: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ (២០២៤) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។

ចំណែកការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥គីឡូម៉ែត្រ សម្រេចបាន៤៦% ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង។

សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕