(ភ្នំពេញ)៖ ការខ្ចីបំណុល មិនថាខ្ចីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ឬការខ្ចីពីសាច់ញាតិ មិត្តភក្តិ គឺរឿងធម្មតា ដើម្បីយកមកដោះស្រាយបញ្ហា ឬយកមកបង្កើតអាជីវកម្ម ឬពង្រីកអាជីវកម្មជាដើម។
ប៉ុន្តែយ៉ាងនេះក្តី ការមានបំណុលច្រើនមិនល្អនោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុ ក៏ដូចជាសុខភាពផ្លូវចិត្តរបស់អ្នក ជាពិសេសបើខ្ចីបំណុលគេច្រើនពេក ហួសពីលទ្ធភាពសង ឬយកមកប្រើខុសពីទិសដៅនោះ នឹងបង្កទៅជាបំណុលវណ្ឌ.កបាន ហើយអាចឈានទៅដល់ការប៉ះពាល់អាជីវកម្ម បាត់បង់មិត្តបងប្អូន មិត្តភក្តិ ឬត្រូវលក់ទ្រព្យសម្បត្តិ ដើម្បីដោះបំណុលផងដែរ។
ដើម្បីកុំឱ្យធ្លាក់ខ្លួនចូលកាន់តែជ្រៅនៃបំណុលធ្ងន់ធ្ងរ លោក អៀង សុធារ៉ា ដែលជាអាជីវករបតាមបែបពុទ្ធសាសនា និងជាពាណិជ្ជករល្បីឈ្មោះមួយរូបនៅកម្ពុជា បានប្រាប់គន្លឹះ ៥ចំណុចដូចតទៅ៖
១៖ បំណុលជាទុក្ខ
លោកបានពន្យល់ថា នៅក្នុងព្រះពុទ្ធសាសនាបានពន្យល់ថា សេចក្តីសុខព្រោះគ្មានបំណុល ពោលគឺនៅពេលដែលយើងមានបំណុលនឹងបាត់នូវសេចក្តីសុខ ឬសេចក្តីសុខបានថយចុះទាំងផ្លូវកាយ និងផ្លូវចិត្ត។ ហេតុនេះបើអាចជៀសការខ្ចីបុលគេបាន គួរតែជៀសវាង។
២៖ បើហ៊ានខ្ចី ត្រូវមានលទ្ធភាពសង ឬបើហ៊ានឱ្យខ្ចីត្រូវមើលលទ្ធភាពសង
លោកបានលើកឡើងយ៉ាងដូច្នេះថា មុននឹងទៅខ្ចីបំណុលគេក្នុងកម្រិតណាមួយ ត្រូវប្រាកដថាខ្លួនមានលទ្ធភាពសងទៅគេវិញ ទៅតាមពេលកំណត់ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងបំណុលកាន់តែធ្ងន់ បាត់បង់ទំនុកចិត្តពីអ្នកដទៃ ហើយពេលខ្លះត្រូវជាប់ទោសទណ្ឌផងក៏មាន។ ជាមួយគ្នានេះ អ្នកដែលឱ្យគេខ្ចី ក៏ត្រូវមើលដែរថា អ្នកដែលមកខ្ចីនោះមានលទ្ធភាពសងដែរ ឬទេ? មុននឹងសម្រេចចិត្តឱ្យគេខ្ចីលុយ បើមិនដូច្នេះទេ ការផ្តល់កម្ចីនេះ នឹងក្លាយជាទុក្ខមកវិញ។
៣៖ កុំប្រថុយប្រថាន
ត្រង់ចំណុចនេះ លោក អៀង សុធារ៉ា មានប្រសាសន៍ថា ភាគច្រើនអ្នកចង់ខ្ចីលុយពីអ្នកណាម្នាក់ ឬពីស្ថាប័នណាមួយ តែងគិតថាមិនអី ហើយចេះតែខ្ចីពីកន្លែងមួយទៅសងបង្រ្គប់ នៅកន្លែងមួយទៀត ដោយបន្តធ្វើបែបនេះពីមួយទៅមួយ។
លោកពន្យល់ថា «ការដែលប្រថុយប្រថានបែបនេះ គឺគ្រោះថ្នាក់ណាស់ ពីព្រោះការដែលយើងប្រថុយប្រថាននេះ នឹងមានបញ្ហាទៅថ្ងៃមុខជាក់ជាមិនខាន អ៊ីចឹងកុំប្រថុយឱ្យសោះ ត្រូវគិតឱ្យច្បាស់លាស់មុននឹងទៅខ្ចីគេ ឬមុននឹងឱ្យគេខ្ចី។ ហើយកុំប្រថុយមួយទៀត មុននឹងឱ្យគេខ្ចីត្រូវតែមានកិច្ចសន្យា ដែលមានមេធាវីស្មោះត្រង់ មានការប្រថាប់ត្រាពីមេធាវីឱ្យបានត្រឹមត្រូវ ព្រោះនៅពេលមានបញ្ហា យើងត្រូវយកឯកសារច្បាប់ ឬកិច្ចសន្យាមកធ្វើជាដំណោះស្រាយបាន»។
៤៖ បើទាល់ខ្លាំង ត្រូវរកកល្យាណមិត្ត
បុគ្គលមួយចំនួនបានផុសខ្លួនទៅបំណុលកាន់តែច្រើន នៅពេលមានបំណុលទ័លខ្លាំង ជំហ៊ានដំបូងត្រូវតាំងចិត្តឱ្យស្ងប់ ហើយទៅរកកល្យាណមិត្ត ដែលមានបទពិសោធន៍ក្នុងរឿងនេះ និងអាចផ្តល់យុទ្ធសាស្រ្ត ជួយដោះស្រាយបំណុលនេះ ថាតើគួរធ្វើយ៉ាងម៉េច។
លោកបន្ថែមថា «ចំណុចនេះខ្ញុំសង្កេតឃើញថា មនុស្សមួយចំនួនមិនទៅរកអ្នកដែលមានបទពិសោធ ឬមានយុទ្ធសាស្រ្តទេ តែទៅរកអ្នកមានលុយមុន ដើម្បីយកមកដោះទ័លសិន។ បើទៅរកអ្នកមានលុយទី១ ទី២ ឬទី៣ ជាបន្តបន្ទាប់នេះ បើគាត់មានលុយហើយគ្មានចិត្តមេត្តា ករុណាទេ អ្នកដែលខ្ចីគេ នឹងកាន់តែផុងខ្លួនកាន់តែជ្រៅទៅៗ ហើយមានបញ្ហាកាន់តែធំ»។
ដូច្នេះបើជួបបញ្ហាបំណុលដោះស្រាយមិនបានដំបូងបំផុត ត្រូវទៅរកដែលមានយោបល់ ឬយុទ្ធសាស្រ្តល្អ ជួយរកដំណោះស្រាយ ហើយជំហ៊ានទី២ ចាំទៅរកអ្នកមានលុយ ដើម្បីកុំឱ្យផុងខ្លួនកាន់តែជ្រៅ។
៥៖ ត្រូវមានកតញូកតវេទី
សុភាសិតខ្មែរមួយវាបានលើកឡើងថា «កុំដល់ត្រើយសើយគូថ» ក្នុងន័យនេះ លោកបានពន្យល់ថា ពេលដែលយើងរកកល្យាណមិត្តជួយយើងបានហើយ ទាំងយោបល់ និងមធ្យោបាយជួយដោះបំណុលបានហើយ កុំបំភ្លេចគុណគេ នាំឱ្យថ្ងៃក្រោយពេលមានបញ្ហាទៀត ពេលទៅពឹងគេ គេនឹងមិនជួយយើងទៀតទេ៕