(ប៉េកាំង)៖ និយតករហិរញ្ញវត្ថុចិនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនហិរញ្ញវត្ថុយក្សរបស់ចិន Ant Group ត្រូវបានពិន័យជាទឹកប្រាក់ជិត ១ពាន់លានដុល្លារៈពីបទ «ប្រព្រឹត្តខុសច្បាប់» និងបានបន្ថែមថា ការបង្ក្រាបជាយូរមកហើយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាកំពុងខិតជិតមកដល់ទីបញ្ចប់ហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុន Ant ដំណើរការភ្លែតហ្វម Alipay ដែលជាប្រព័ន្ធទូទាត់ការចំណាយឌីជីថលធំបំផុតរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ប្រចាំខែរាប់រយលាននាក់នៅក្នុងប្រទេសចិន និងក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក។

ការពិន័យនេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅលេចធ្លោបំផុតនានានៃការបង្រ្កាបយ៉ាងទូលំទូលាយទៅលើវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) ថា៖ «ដោយមើលឃើញពីទង្វើខុសច្បាប់ និងមិនប្រក្រតីប្រព្រឹត្តិដោយក្រុមហ៊ុន Ant Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំមុន... (ក្រុមហ៊ុនទាំងនេះ) ត្រូវរងពិន័យជាប្រាក់ចំនួន ៧,១២៣ពាន់លានយន់ (៩៨៤លានដុល្លារ)»

សេចក្តីប្រកាសព័ត៌មាននេះដែលក៏ត្រូវបានអនុវត្តដោយធនាគារកណ្តាលចិនផងដែរបានបន្ថែមថា ការផាកពិន័យនេះ «រាប់បញ្ចូលទាំងការរឹបអូសប្រាក់ចំណូលខុសច្បាប់»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គណៈកម្មការ CSRC បានឱ្យដឹងថា៖ «នាពេលបច្ចុប្បន្ននេះ ភាគច្រើននៃបញ្ហាដែលកំពុងកើតមាននៅក្នុងអាជីវកម្មហិរញ្ញវត្ថុរបស់សហគ្រាសប្រតិបត្តិការភ្លែតហ្វមត្រូវបានកែតម្រូវ»

គណៈកម្មការ CSRC បាននិយាយថា៖ «ការផ្តោតការងាររបស់នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុបានផ្លាស់ប្តូរពីការលើកកម្ពស់ការកែតម្រូវបែបមជ្ឈការទៅលើអាជីវកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប្រតិបត្តិការភ្លែតហ្វមទៅជាការត្រួតពិនិត្យបែបធម្មតាវិញ»