(ឡុងដ៏)៖ ចក្រភពអង់គ្លេសគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP នៅទីក្រុងអ៊ុកគ្លែន (Auckland) នៅចុងសប្តាហ៍ក្រោយនេះ ដើម្បីក្លាយជាសមាជិកថ្មីដំបូងគេជាផ្លូវការគិតចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចូលជាធរមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងការបរទេសនិងពាណិជ្ជកម្មប្រទេសណូវែលសេឡង់ថា ការចុះហត្ថលេខានេះនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលរៀបចំដោយប្រទេសនណូវែលសេឡង់។ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកក្កដា។
លោក Damien O'Connor រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងកំណើននាំចេញរបស់ប្រទេសណូវែលសេឡង់បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា៖ «សមាជិកភាពរបស់ចក្រភពអង់គ្លេសនៃកិច្ចព្រមព្រៀង CPTPP កើតមានឡើងស្របជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់យើង ដើម្បីធានាថា ក្រុមហ៊ុននាំចេញផ្លែគីវីមានសិទ្ធិចូលទៅកាន់សេដ្ឋកិច្ចធំទីប្រាំមួយនៅលើពិភពលោកនេះ»។
កិច្ចព្រមព្រៀង CPTPP កន្លងមកត្រូវបានគេមើលឃើញថាជាមធ្យោបាយក្នុងការរក្សាតុល្យភាពនៃឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៧ ដោយធ្វើឱ្យទំហំកិច្ចព្រមព្រៀងនេះរួមតូច និងទុកឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងកិច្ចព្រមព្រៀងនេះ។ រដ្ឋាភិបាលក្រុងតូក្យូកំពុងតែដាក់សម្ពាធអាមេរិកឱ្យវិលត្រលប់មកវិញ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សមាជិកបច្ចុប្បន្នរបស់កិច្ចព្រមព្រៀងនេះរួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ណូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ប្លុកពាណិជ្ជកម្មនេះដែលមានប្រជាជន ៥០០លាននាក់នឹងមានទំហំសេដ្ឋកិច្ច ១៥% នៃផលិតផលក្នុងស្រុកសរុបពិភពលោកនៅពេលដែលចក្រភពអង់គ្លេសចូលរួម នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។
ចិនជាប្រទេសបន្ទាប់ដែលនឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដោយបានដាក់ពាក្យសុំចូលរួមក្រោយចក្រភពអង់គ្លេសតែប៉ុន្មានខែប៉ុណ្ណោះកាលពីឆ្នាំ២០២១ បន្ទាប់មកដោយកោះតៃវ៉ាន់ អេក្វាទ័រ កូស្តារីកា អ៊ុយរូហ្គាយ និងអ៊ុយក្រែន៕