(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងនៅសប្តាហ៍នេះថា សហរដ្ឋអាមេរិក «ប្រឆាំងយ៉ាងម៉ឺងម៉ាត់» ទៅនឹងវិធានការគ្រប់គ្រងការនាំចេញដាក់ចេញដោយប្រទេសចិនលើលោហៈកាល្យូម (gallium) និងហ្គេម៉ាញ៉ូម (germanium) ដែលប្រើប្រាស់សម្រាប់ផលិតបន្ទះឈីប និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនក៏បានឱ្យដឹងផងដែរថា ប្រទេសមហាអំណាចពិភពលោកនេះនឹងពិគ្រោះជាមួយដៃគូនិងសម្ព័ន្ធមិត្តដើម្បីដោះស្រាយបញ្ហានេះ។

កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានដាក់ចេញវិធានការគ្រប់គ្រងការនាំចេញលើលោហៈកាល្យួម និងហ្គេម៉ាញ៉ូម ដែលប្រើប្រាស់ក្នុងរថយន្តអគ្គិសនី (EVs) និងខ្សែកាបអុបទិក។ សេចក្តីប្រកាសភ្លាមៗអំពីវិធានការនេះដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហាតទៅបានធ្វើឱ្យក្រុមហ៊ុននានាស្រឡាំងកាំងក្នុងការទទួលបានការផ្គត់ផ្គង់ និងធ្វើឱ្យតម្លៃកើនឡើង។

សារធាតុហ្គេម៉ាញ៉ូមត្រូវបានប្រើនៅក្នុងបន្ទះឈីបកុំព្យូទ័រល្បឿនលឿន ប្លាស្ទិក និងក្នុងកម្មវិធីយោធានានាដូចជាឧបករណ៍មើលពេលយប់ ព្រមទាំងឧបករណ៍ចាប់សញ្ញារូបភាពផ្កាយរណបជាដើម ខណៈដែលសារធាតុកាល្យួមត្រូវបានប្រើនៅក្នុងឧបករណ៍ទំនាក់ទំនងវិទ្យុ និងរ៉ាដា ផ្កាយរណប និងអំពូល LED។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «សកម្មភាពទាំងនេះបញ្ជាក់ពីតម្រូវការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ សហរដ្ឋអាមេរិកនឹងចូលរួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ដើម្បីដោះស្រាយបញ្ហានេះ និងដើម្បីកសាងភាពធន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់»។

ចំណាត់ការរបស់ប្រទេសចិនដែលក្រសួងពាណិជ្ជកម្មរបស់ខ្លួនបាននិយាយថាដើម្បីការពារសន្តិសុខជាតិនោះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថាជាការឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន៕