(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម គ្រោងនឹងជួបជាមួយមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស Tesla របស់អាមេរិកនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការវិនិយោគក្នុងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី អានវ៉ា ខណៈថ្លែងក្នុងអំឡុងពេលជួបជាមួយមន្ត្រីរាជការនៅទីក្រុង Negeri Sembilan កាលពីថ្ងៃសុក្រថា៖ «លោក Elon Musk បានស្នើសុំជួបពិគ្រោះយោបល់ជាមួយខ្ញុំ (សប្តាហ៍ក្រោយ) ដើម្បីពិភាក្សាអំពីលទ្ធភាពនិងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបង្កើនការវិនិយោគរបស់គាត់នៅក្នុងប្រទេសម៉ាឡេស៊ី»។
លោក អានវ៉ា បានឱ្យដឹងថា វិធីសាស្រ្តរបស់ម៉ាឡេស៊ីក្នុងការជំរុញសេដ្ឋកិច្ចគឺការទាក់ទាញការវិនិយោគក្នុងស្រុកនិងបរទេស។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើគ្មានការវិនិយោគទេ ភាពអត់ការងារធ្វើនឹងកើនឡើង។ សេដ្ឋកិច្ចនឹងមិនរីកចម្រើនទេ»។ លោកបានបន្ថែមថា៖ «នៅពេលខ្ញុំក្លាយជានាយករដ្ឋមន្ត្រី បំណុលជាតិមានចំនួន ១,៥ពាន់ពាន់លានរីងហ្គីត (៣២២ពាន់លានដុល្លារ) (ហើយយើងមាន) ឱនភាព ៥,៦ភាគរយ។ ខ្ញុំអរគុណ… ដែលខ្ញុំមានឱកាសចាប់ផ្តើមកាត់បន្ថយបំណុលនិងឱនភាព ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច និងប្រជាជនម៉ាឡេស៊ី»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមហ៊ុន Tesla បានប្រកាសថា ខ្លួននឹងចូលទីផ្សារម៉ាឡេស៊ីជាផ្លូវការនៅថ្ងៃទី២០ ខែកក្កដា។ ក្រុមហ៊ុនរថយន្តអគ្គិសនីនេះបានទទួលការយល់ព្រមពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិ (MITI) ម៉ាឡេស៊ីដើម្បីនាំចូលរថយន្តអគ្គិសនីអាគុយ (BEV) ទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមកាសែត Channel News Asia៕