(បាងកក)៖ គណៈកម្មការមូលបត្រ (SEC) របស់ប្រទេសថៃបានចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរបស់សាជីវកម្ម Stark និងរបស់ម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុននេះ ព្រមទាំងទ្រព្យសម្បត្តិរបស់អតីតនាយកប្រតិបត្តិមួយចំនួនទៀតដោយចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការក្លែងបន្លំគណនេយ្យ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

វិធានការនេះធ្វើឡើងបន្ថែមពីលើការហាមឃាត់ពួកគេមិនឱ្យធ្វើដំណើរទៅក្រៅប្រទេស។

កាសែតបាងកកប៉ុស្តិ៍បានរាយករណ៍ដោយដកស្រង់សម្ដីរបស់គណៈម្មការ SEC ថា និយតករមូលបត្រថៃនេះនឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនផលិតខ្សែភ្លើងនិងខ្សែកាបដែលមានរឿងអាស្រូវនេះ និងទ្រព្យសម្បត្តិរបស់លោក Vonnarat Tangkaravakoon ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន និងជាអតីតនាយកប្រតិបត្តិស្តីទីក្នុងរយៈពេល ១៨០ថ្ងៃ។

ទ្រព្យសម្បត្តិរបស់អតីតនាយកប្រតិបត្តិបួននាក់ផ្សេងទៀត រួមមានអតីតប្រធានក្រុមហ៊ុនលោក Chanin Yensudchai ប្រធានផ្នែកហិរញ្ញវត្ថុលោក Sathar Chantrasettalead, លោក Chinawat Assavapokee និងលោក Kittisak Jitprasertngam ក៏នឹងត្រូវរឹបអូសផងដែរ រួមជាមួយនឹងក្រុមហ៊ុបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុន Stark គឺក្រុមហ៊ុន Phelps Dodge International (Thailand) ក្រុមហ៊ុន Thai Cable International ក្រុមហ៊ុន Adisorn Songkhla និងក្រុមហ៊ុន Asia Pacific Drilling Engineering ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ នាពេលថ្មីៗនេះ គណៈកម្មការ SEC បានដាក់ការចោទប្រកាន់ពីបទប្រព្រឹត្តិកំហុសផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងភាគីទាំង១០នោះទៅកាន់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដោយចោទប្រកាន់ថា ពួកគេមានការជាប់ពាក់ព័ន្ធឬបានយល់ព្រមជាមួយអ្នកដទៃក្នុងការផលិតរបាយការណ៍ហិរញ្ញវត្ថុក្លែងក្លាយសម្រាប់ក្រុមហ៊ុន Stark និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ ដើម្បីបោកបញ្ឆោតអ្នកដទៃ។

SEC បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ការប្រព្រឹត្តកំហុសរបស់ពួកគេបានប៉ះពាល់ដល់មនុស្សមួយចំនួនធំដោយបង្កឱ្យមានការខូចខាតពីបំណុលរបស់ក្រុមហ៊ុន Stark ដែលប៉ាន់ស្មានថាមានចំនួនជាង ៣៨ពាន់លានបាត»។

និយតករមូលបត្រនេះបានបន្តថា ដីកាបង្កកទ្រព្យសកម្មត្រូវបានចេញដោយសារ «មានកាលៈទេសៈសមហេតុសមផលក្នុងការជឿថា បុគ្គលនានានឹងផ្ទេរឬលក់ទ្រព្យសកម្មទាំងនោះ»។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានកត់សម្គាល់ថា SEC ក៏នឹងស្វែងរកដីកាតុលាការដើម្បីរារាំងជនជាប់ចោទមិនឱ្យចាកចេញពីប្រទេសក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ផងដែរ៕