(ភ្នំពេញ)៖ សហព័ន្ធស្រូវកម្ពុជា បាននិងកំពុងសហការរិះរកវិធីផ្សព្វផ្សាយអង្ករកម្ពុជា ជាយុទ្ធសាស្ត្រទីផ្សារជាមួយក្រុមហ៊ុន Alibaba ដើម្បីដាក់លក់អង្ករនៅផ្សារអនឡាញ Alibaba និងពង្រីកការលក់អង្ករកម្ពុជានៅលើទីផ្សារចិន។
កាលពីចុងខែមុននេះ លោក យន់ ហុង អនុប្រធាននៃសហព័ន្ធស្រូវអង្ករកម្ពុជា រួមនឹងសមាជិកចំនួនប្រាំរូប បានជួបពិភាក្សាជាមួយកញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិនៃក្រុមហ៊ុនអាលីបាបា (Alibaba)។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានជជែកពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជានៅអាលីបាបា និងទីផ្សារផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាបន្ថែមនៅប្រទេសចិន។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ស្ថិតក្នុងដំណាក់កាលដំបូងនេះ សហព័ន្ធស្រូវអង្ករកម្ពុជានឹងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីស្វែងយល់បន្ថែម និងរៀបចំយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអង្ករកម្ពុជា ទៅដល់អ្នកប្រើប្រាស់នៅចិនឱ្យស្គាល់ពីអង្ករកម្ពុជា និងងាយស្រួលទិញ តាមរយៈផ្សារអនឡាញរបស់អាលីបាបា។
លោកបន្ថែមថា កន្លងមកក្រុមហ៊ុនអាលីបាបា ក៏ធ្លាប់ធ្វើយុទ្ធសាស្រ្តទីផ្សារ ដល់ផលិតផលពីប្រទេសផ្សេងៗដែរ ហើយទទួលបានជោគជ័យ ។
លោកបានឱ្យដឹងផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងចុះកិច្ចអនុស្សារណៈយោគយល់គ្នាជាមួយអាលីបាបា សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយពីអង្ករកម្ពុជា។ នៅខែសីហាខាងមុខនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងទៅទស្សនកិច្ចនៅក្រុមហ៊ុនអាលីបាបា ដើម្បីពិភាក្សាបន្ថែមពីកិច្ចសហប្រតិបត្តិការនេះផងដែរ។
លោកបានលើកឡើងបន្ថែមថា «កិច្ចសហប្រតិបត្តិការនេះ យើងធ្វើការជាមួយខាងក្រុមហ៊ុនរដ្ឋចិន ដែលជាក្រុមហ៊ុនទទួលកូតានាំចូលអង្ករកម្ពុជា ហើយយើងធ្វើការជាមួយអាលីបាបាមួយទៀត ក្នុងការផ្សព្វផ្សាយ និងជំរុញបន្ថែមជាមួយសហព័ន្ធស្រូវអង្ករ។ ដូច្នេះហើយយើងធ្វើជាបីភាគី ដើម្បីជំរុញឱ្យអតិថិជននៅប្រទេសចិន ស្គាល់ពីអង្ករខ្មែរយើងឱ្យបានកាន់តែច្រើន»។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៣៣ម៉ឺនតោន ទទួលបានទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦លានដុល្លារ។
តាមរយៈរបាយការណ៍នេះ បង្ហាញថាប្រទេសចិន គឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ លើកឡើងថា ក្រសួងពាណិជ្ជកម្ម នឹងខិតខំពង្រីកទីផ្សារបន្ថែមទៀតជាមួយប្រទេសចិន ដោយកំពុងចរចា រៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ៕