(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានចំនួនជាង ៩៨%ហើយ ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរ នៅខែតុលាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អាកាសយានដ្ឋាននេះមានឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ជាអក្សរឡាតាំង «SIEM REAP ANGKOR INTERNATIONAL AIRPORT» និងមានឈ្មោះជាកូដអក្សរ VDSA (ICAO code) និង SAI (IATA code)។
ទម្រង់វិនិយោគ «សាងសង់-អាជីវកម្ម-ផ្ទេរ/BOT» គឺជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី (greenfield) ទាំងស្រុងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា និងមានដីបម្រុងប្រមាណ ១ ០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស/តំបន់ឧស្សាហកម្មរណបឱ្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City» នាពេលខាងមុខ។
ទុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួនប្រមាណ ៨៨០លានដុល្លារអាមេរិក ត្រូវបានកំណត់នៅឆ្នាំ២០១៩ ប៉ុន្តែតម្រូវការនៃទុនវិនិយោគនេះបានកើនឡើងរហូតដល់ ១ ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០២២។
លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ឱ្យដឹងថា សម្រាប់ការទទួលយកបុគ្គលិកពីព្រលានយន្តហោះចាស់ មកព្រលានយន្តហោះថ្មី ទៅតាមការស្ម័គ្រចិត្ដ កំពុងតែវិវត្តន៍ដោយរលូនប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ហើយក្រុមហ៊ុនប្រតិបត្ដិករអាកាសយានដ្ឋានថ្មីនេះ បាននិងទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមានបំណងមកបម្រើការងារនៅអាកាសយានដ្ឋានថ្មីនេះ ដោយអនុលោមទៅតាមក្រប ខណ្ឌគតិយុត្តិ និងគោលការណ៍ឈ្នះ-ឈ្នះ តួនាទី និងភារកិច្ច (អាជីព) របស់បុគ្គលិកដែលធ្លាប់បម្រើការងារ នៅអាកាសយានដ្ឋានចាស់នឹងត្រូវបានរក្សាដូចតួនាទីដដែល ធ្លាប់មានកន្លងមក ឬអាចទទួលបានប្រសើរជាងមុន (អាស្រ័យទៅលើការវាយតម្លៃ និងវាស់វែងសមត្ថភាពជាក់ស្តែង) ក្នុងនោះដែរ ចំពោះអ្នកដែលមានបំណងផ្លាស់ប្ដូរអាជីព ក៏ត្រូវទទួលបានការអនុញ្ញាតផងដែរ បច្ចុប្បន្នក្រុមហ៊ុនប្រតិបត្តិករ បាននិងកំពុងជ្រើសរើសបុគ្គលិកខាងក្រៅបន្ថែមជាបណ្តើរៗ ធ្វើការបណ្ដុះបណ្ដាលជំនាញ ដើម្បីបំពេញបន្ថែមស្របតាមតម្រូវការ។
ចំណែកកិច្ចការសម្របសម្រួល ក្នុងការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី កំពុងតែវិវត្តន៍ស្របទៅតាមលក្ខខណ្ឌ និងបែបបទបច្ចេកទេស ស្របទៅតាមតារាងកម្មវិធី និងពេលវេលាដូចដែលបានឯកភាព និងព្រាងទុកផងដែរ។
ចំពោះការទទួលបាននូវវិញ្ញាបនបត្រអាកាសយានដ្ឋាន (Aerodrome Certificate) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាននិងកំពុងផ្តល់កិច្ចសហការសម្របសម្រួល និងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់ក្រុមហ៊ុនប្រតិបត្តិករ ក្នុងការបំពេញបាននូវលក្ខខណ្ឌតម្រូវការបច្ចេកទេស និងភាពអនុលោមសុវត្ថិភាពមួយចំនួនធំបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញាបនបត្រនេះ មុននឹងបើកដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីជាផ្លូវការ។
បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ដែលប្រើប្រាស់កូដអ៊ី (Code E: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន ៣៨ចំណត អាចទទួលអ្នកដំណើរបានពី ៧លាននាក់/ឆ្នាំ(២០២៣) ទៅ១០.៥លាននាក់/ឆ្នាំ (ឆ្នាំ២០៣០-២០៤០) ហើយអាចទទួលជើងហោះហើរបានពី ៥៨,០០០ជើង/ឆ្នាំ (២០២៣) ទៅ៨៦,០០០ជើង/ឆ្នាំ (២០៣០-២០៤០) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១០,០០០តោន/ឆ្នាំ (២០២៣) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។
ការសាងសង់ផ្លូវហាយវេពិសេស ២៤.៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅកាន់ទីរួមខេត្តសៀមរាប (ផ្លូវហាយវេអាកាសយានដ្ឋាន) សម្រេចបាន៩៤% ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់បង្គោលគីឡូម៉្រែតលេខ២៩៤ ត្រង់ទៅកាន់អាកាសយានដ្ឋាន។ ការសាងសង់ផ្លូវហាយវេអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ជប់នៅខែកញ្ញា ឆ្នាំ២០២៣។
លោក ស៊ីន ចាន់សិរីវុត្ថា បន្តថា តាមការគ្រោងទុក អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មីនេះ គ្រោងនឹងដាក់ឲ្យសម្ពោធជាផ្លូវការ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd (AIAI)។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖
១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%
២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង
៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%៕