(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅក្នុងរយៈពេល ៦ខែ ចាប់ពីខែមករា ខែមិថុនា ឆ្នាំ២០២៣នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា មានចំនួនជាង ២ ៤៨០ ០៣២នាក់ មានការកើនឡើង ២៦៩.៩៦% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

លោកអនុរដ្ឋលេខាធិការបន្តថា ដោយឡែកចំនួនជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួនជាង ២៤ ៧២៥ជើង មានការកើនឡើង ១៤៧.៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ សម្រាប់ចំនួនទំនិញវិញ មានចំនួនជាង ២៤ ៦១៦តោន ថយចុះ ១៧.៨៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

លោកបន្តថា ដោយឡែកគិតមកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរសរុបក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួន៤០៤ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/Flight) ឬស្មើនឹង៨០៨ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements) ដោយក្នុងនោះ៖

* ភ្នំពេញទទួលបានជើងហោះហើរចំនួន ៣០១ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង៦០២ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)

* សៀមរាបទទួលបានជើងហោះហើរចំនួន ៩៦ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង១៩២ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)

* ព្រះស៊ីហនុ ទទួលបានជើងហោះហើរចំនួន ៧ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង១៤ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)។

លោកបញ្ជាក់ទៀតថា ផ្លូវហោះហើរដែលនាំមុខគេនោះ គឺផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សិង្ហបុរី-ភ្នំពេញ និងភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ។ អាកាសចរណ៍ស៊ីវិលរពឹងទុកថា ក្នុងពេលឆាប់ៗ នេះនឹងមានការកើនឡើងផ្លូវហោះហើរ រវាង កម្ពុជា-ចិន បន្ថែមទៀតនាពេលខាងមុខផងដែរ៕