(ភ្នំពេញ)៖ ឆ្នាំ២០២៤ ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់៦.៦%។ នេះបើតាមសារាចរ ស្ដីពី ការៀបចំផែនការយុទ្ធសាស្ដ្រថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា «សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបាននូវអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុក នៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបានតុល្យភាព»។

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយ៖

១៖ វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១.១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថា នឹងបន្តងើបឡើងវិញសន្សឹមៗ

២៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨.៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត-សាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩

៣៖ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦.៩% ដោយការបន្តកើនឡើងនូវសកម្មភាព ក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថា នៅបន្តសម្រេចបានកំណើនទាបជាងនិន្នាការធម្មតា។

តាមការប៉ាន់ស្មាន និងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រា៥.៦% សម្រាប់ឆ្នាំ២០២៣ និង៦.៦% សម្រាប់ឆ្នាំ២០២៤ គឺត្រូវបានគិតគូរក្នុងកម្រិតបន្ទាត់មូលដ្ឋាន (Baseline projection) ស្របពេលដែលទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់ កាន់តែមានភាពមិនប្រាកដប្រជាខ្ពស់។

ការអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ក្នុងពេលកន្លងមក ទាំងលើការស្តារវិស័យជាចន្ទល់កំណើនដែលមានស្រាប់ ក៏ដូចជាការលើកកម្ពស់វិស័យសក្តានុពលថ្មីៗមួយចំនួនទៀត រួមមាន៖ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ច៕