(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យម(SME Bank) បានអនុម័តប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងទេសចរណ៍ចំនួន៣៤៨ ដែលមានទំហំទឹកប្រាក់៥៣.៨១ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កើនឡើងតិចតួច ពោលគឺកើនឡើងតែ២អាជីវកម្ម ឬកើនតែ៣៥ម៉ឺនដុល្លារប៉ុណ្ណោះ ដោយកាលពីដំណាច់ខែមេសា ការផ្តល់កម្ចីដល់អាជីវកម្មក្នុងវិស័យនេះ មានចំនួន ៣៤៦ ក្នុងទំហំទឹកប្រាក់ ៥៣.៤៦លានដុល្លារ។
យោងតាមការចុះផ្សាយរបស់ធនាគារSME បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៨ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៣.៨១ លានដុល្លារអាមេរិក ឬស្មើនឹង ៣៥.៨៧% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។
ក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។
លោក លឹម អូន អគ្គនាយកធនាគារ SME បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលកន្លងមកថា ការផ្តល់ឥណទានដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ ហាក់មានភាពយឺតយ៉ាវជាងការរំពឹងទុក ស្របពេលដែលគម្រោងនេះបានដាក់ឱ្យអនុវត្តប្រមាណជិត១ឆ្នាំហើយ។
លោកបញ្ជាក់ថា មូលហេតុដែលនាំឱ្យការផ្តល់ឥណទាននេះ មានភាពយឺតយ៉ាវជាងការរំពឹងទុក អាចបណ្តាលមកពីអាជីវករ នៅក្នុងវិស័យទេសចរណ៍ នៅមានភាពស្ទាក់ស្ទើរច្រើន ក្នុងការបោះទុនបន្ថែម ដើម្បីស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួនឡើងវិញ ដោយសារពួកគេមើលឃើញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ មិនទាន់មានភាពប្រាកដប្រជា ព្រោះបច្ចុប្បន្ននេះសន្ទុះនៃការងើបឡើង នៃវិស័យនេះនៅកម្ពុជា គឺមានតែទេសចរក្នុងស្រុកប៉ុណ្ណោះ ដែលមិនទាន់មានឥទ្ធិពលខ្លាំងទៅលើការរីកចម្រើននៃវិស័យទេសចរខ្លាំងនោះទេ។ កត្តាមួយទៀត គឺមកពីគ្រឹះស្ថានធនាគារដែលបច្ចុប្បន្ននេះ បាននិងកំពុងជួបបញ្ហាកើនឡើងនៃថ្លៃដើម ដែលធ្វើឱ្យការផ្តល់ឥណទានមានភាពតឹងតែង និងម៉ត់ហ្មត់ជាងមុន។
លោក ធួន ស៊ីណាន បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះដែរថា មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះស្ទើតែ៧០%បានជំពាក់ធនាគារ ហើយនៅពេលដែលជំងឺនេះវាយលុយមក បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងមិនមានលទ្ធភាពក្នុងការសងត្រឡប់ទៅកាន់ធនាគារវិញ ដែលនាំឱ្យមានប្រវត្តិឥណទានមិនល្អ។ហេតុនេះហើយទើបធ្វើឱ្យម្ចាស់អាជីវកម្មក្នុងវិស័យនេះមិនអាចទទួលបានឥណទានថ្មីបាន។
លោក សំណូមពរ ដល់ធនាគារ ដែលដៃគូរចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បន្ធូបន្ថយទៅលើតម្រូវការឯកសារ ទ្រព្យបញ្ចាំ បើទោះបីជាម្ចាស់អាជីវកម្មទាំងនោះធ្លាប់មានប្រវត្តិឥណទានមិនល្អក៏ដោយ ដើម្បីឱ្យម្ចាស់អាជីវកម្មដែលកំពុងរងផលប៉ះពាល់មានលទ្ធភាពទទួលបានឥណទាន៕