(ភ្នំពេញ)៖ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាគិតមកដល់ពេលនេះ មានទំហំជិត៣០០ប៊ីលានដុល្លារ ដែលកើនឡើងដល់១០០០% បើធៀបនឹងGDP ឬស្មើនឹង១០ដងនៃ GDP សរុបរបស់កម្ពុជា ដែលមានទំហំប្រមាណជាង២៩ប៊ីលានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី ថ្លែងបែបនេះ ធ្វើឡើងនៅសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកស្រីបន្តថា ទំហំនេះ គឺជាការទូទាត់ដ៏ធំមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលប្រជាជនប្រើមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកច្រើន។
លោកស្រីបានអះអាងថា អ្វីដែលជំរុញឱ្យប្រជាជនកម្ពុជា ប្រើប្រាស់មធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកច្រើន គឺដោយសារភាពងាយស្រួល ពោលនៅដែលពួកគាត់ដើរទៅណាមកណា មិនចាំបាច់ត្រូវមានកាបូបលុយតាមខ្លួននោះទេ ស្របពេលដែលបច្ចុប្បន្ននេះ កន្លែងដែលអាចទទួលការស្កែន QR Code មានសុះសាយទូទាំងប្រទេស ទាំងតំបន់ជនបទដាច់ស្រយ៉ាល។ ចំណុចសំខាន់ទៀតនោះ គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា ដែលធ្វើឱ្យប្រជាជនកម្ពុជា គ្រប់ទីកន្លែងមានលទ្ធភាពប្រើប្រាស់អ៊ីធឺណេតបានទូលំទូលាយ ដែលផ្តល់ភាពងាយស្រួលដល់ពួកគេប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។
លោកស្រីគូសបញ្ជាក់បន្តថា កំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកពីមួយឆ្នាំទៅមួយឆ្នាំរបស់កម្ពុជា បានឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា និងជាចំណុចទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាផងដែរ។
លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅពេលដែលគេឃើញប្រព័ន្ធទូទាត់របស់កម្ពុជា គេឃើញអ្នកដែលចាយតាមQR Codeច្រើន ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួននៅចាយប្រកាសប្រាក់ ឬក៏សែក ហេតុនេះក៏អាចធ្វើឱ្យភ្ញាក់ផ្អើលថា សក្តានុពលរបស់កម្ពុជានៅមានច្រើន។ ហើយក៏ឆ្លុះបញ្ចាំងអំពីទិដ្ឋភាពរបស់ប្រជាជនយើងដែរ ជាធម្មតាប្រទេសមួយដែលមានប្រជាជនវ័យចាស់ ការទទួលបច្ចេកវិទ្យាថ្មីៗនៅយឺត តែកត្តានេះសបង្ហាញថានៅកម្ពុជាមានប្រជាវ័យក្មេងច្រើនទទួលយកបច្ចេកវិទ្យាថ្មីៗលឿន ហើយនេះក៏ជាចំណុចល្អសម្រាប់វិនិយោគិន ដែលពិចារណាមកកម្ពុជា គាត់នឹងមើលសូចនាករទាំងអស់នេះ ក្នុងការជួយដល់ការសម្រេចចិត្តរបស់គាត់»។
យោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ ចំនួនគណនីកាបូបអេឡិចត្រូនិកនៅកម្ពុជា បានកើនឡើងដល់ ១៩.៥ លានគណនី ខណៈអ្នកប្រើប្រាស់ប្រព័ន្ធបាគងមានប្រមាណ១០លាននាក់៕