(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការបានកើនឡើងពី២.១% ដល់ ២.៩% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

នេះបើយោងតាមរបាយការណ៍ស្ដីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ឥណទានមិនដំណើរការ ជាឥណទានដែលអតិថិជនបង់យឺតយ៉ាវលើសពី៣០ថ្ងៃ, ៦០ថ្ងៃ, ៩០ថ្ងៃ, ១៨០ថ្ងៃ ឬ៣៦០ថ្ងៃ។

របាយការណ៍បានបញ្ជាក់ថា «បន្ទាប់ពីការបញ្ចប់វិធានការបន្ធូបន្ថយបទប្បញ្ញាតិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការ បានកើនឡើងពី២.១% ដល់ ២.៩% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ សន្ទនីយភាព និងដើមទុនមានកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ដូចជា ប្រព័ន្ធធនាគារទាំងមូលអាចឆ្លើយតបនឹងតម្រូវការសាច់ប្រាក់ របស់អតិថិជនបានគ្រប់គ្រាន់ និងគ្រប់គ្រងហានិភ័យបានយ៉ាងមានប្រសិទ្ធភាព»។

របាយការណ៍បានឲ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយនៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ប្រព័ន្ធធនាគារបន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន ១៦.៣ភាគរយត្រូវផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។

វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានបន្តរីកចម្រើនជាលំដាប់ ជាមួយនឹងមូលធនូបនីយកម្មទីផ្សារមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល កើនដល់៧.៥ ទ្រីលានរៀល និង ៥១៥ ប៊ីលានរៀលរៀងគ្នា ព្រមទាំងបុព្វលាភធានារ៉ាប់រងសរុបបានកើន១០.៧% ដល់១.៤ ទ្រីលានរៀល។
ការចេញផ្សាយមូលបត្របំណុលរបស់រដ្ឋជាប្រាក់រៀល ជាចំណុចចាប់ផ្តើមដ៏សំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុកម្ពុជា ដោយបានបន្ថែមប្រភពមូលនិធិ សម្រាប់ថវិការដ្ឋ និងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។

ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ បានលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ សម្រួលដល់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន ជំរុញសកម្មភាពសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាក់ស្តែងចំនួនគណនីកាបូបអេឡិចត្រូនិកបានកើនឡើងដល់១៩,៥ លានគណនី ហើយទំហំនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កើនដល់ជាង១០ដងនៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)៕