(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះនឹងមានកំណើន៥.៥ភាគរយ ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២ភាគរយ។
យោងតាមរបាយការណ៍ស្ដីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ថា «ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ២% ក្នុងនោះហានិភ័យសក្តានុពលចម្បងៗមានប្រភពពី កត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ចក៏ដូចជា ការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ»។
ចំពោះហានិភ័យទាំងនេះមានដូចជា៖
* ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃ ការនាំចេញនិងការវិនិយោគចូលមកកម្ពុជា។
* បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
* ការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់ លើទីផ្សារអន្តរជាតិនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន ក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។
ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្តានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដានផងដែរ ក្នុងនោះអាចកើតមានឡើងពី វិស័យអចលនទ្រព្យ ក្នុងរយៈពេលប្រមាណ១ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និត រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត។
តាមរបាយការណ៍បានបញ្ជាក់ថា ប្រឈមនឹងភាពមិនប្រាកដប្រជានេះ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងអនុវត្តវិធានការ ចាក់ចេញពីវិបត្តិដោយការពង្រឹងក្របខណ្ឌបទបញ្ញាតិឡើងវិញ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាពធនរបស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាពដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃងើបឡើងរបស់សេដ្ឋកិច្ច។
ទន្ទឹមនេះការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធ ទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយវិស័យសេដ្ឋកិច្ចរូបវន្ត៕