(ភ្នំពេញ)៖ កម្ពុជា និងអូស្រ្តាលី បានកំពុងធ្វើការរួមគ្នា ជំរុញការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកក្កដានេះថា បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈអង្គការកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី( CAVAC) ជំរុញការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យបានឆាប់ជាច្រើន គោលដៅដែលអាចធ្វើទៅបាន។
លោកបានគូសបញ្ជាក់ថា គោលដៅដែលអាចនឹងជ្រើសរើសបង្កើតសួនកសិ-ឧស្សាហកម្មនាពេលនេះ គឺនៅប៉ូលសេដ្ឋកិច្ចពិសេសទី ៤របស់កម្ពុជា គឺស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។
លោកបានលើកឡើងបន្ថែមថា «សួនកសិ-ឧស្សាហកម្មនេះ គឺជាតម្រូវការរបស់ប្រទេសកម្ពុជា ដែលជាគោលដៅ នៃគោលនយោបាយរបស់កម្ពុជា ដែលបានដាក់ចេញ ដើម្បីបង្កើនឧស្សាហកម្មកែច្នៃសម្រាប់ផលិតផលកសិកម្មរបស់យើង នៅថ្ងៃអនាគតឱ្យបានកាន់តែច្រើន ជៀសវាងការនាំចេញនូវវត្ថុធាតុដើមទៅទាំងដុល ដោយយើងមិនបានតម្លៃបន្ថែម ក្នុងការកែច្នៃផលិតផលកសិកម្មរបស់យើង ដែលនេះគឺជាយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជាយើង»។
លោកបន្ថែមថា នៅថ្ងៃទី១០ ខែកក្កដាខាងមុខប្រេសិតពិសេសរបស់អូស្រ្តាលី ទទួលបន្ទុកផ្នែកអាស៊ីអាគ្នេយ៍ នឹងមកទស្សនកិច្ចនៅកម្ពុជា។ ក្នុងឱកាសនោះដែរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា នឹងដឹកនាំប្រតិភូសភាពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលក្នុងកិច្ចពិភាក្សានេះ នឹងលើកយកបញ្ហាសួនកសិ-ឧស្សាហកម្មនេះ ទៅជជែកពិភាក្សាផងដែរ ដើម្បីជំរុញឱ្យសួនកសិ-ឧស្សាហកម្មនេះ អាចបង្កើតបាននៅតាមតំបន់នានា ដែលអាចបង្កើតបាន។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ប្រទេសអូស្ត្រាលីកំពុងគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលសួនកសិ-ឧស្សាហកម្មនេះ នឹងជួយបង្កើននូវតម្លៃបន្ថែម លើផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា។ សួននេះផងដែរ ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកចំនួន ៥.១ ពាន់លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០ម៉ឺនកន្លែង ដែលជាងពាក់កណ្តាលការងារទាំងនេះនឹងជារបស់ស្ត្រី។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងបន្តថា សួនកសិ-ឧស្សាហកម្ម នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការកែច្នៃ ការស្រាវជ្រាវ និងការអភិវឌ្ឍកសិផល ការកសាងសមត្ថភាព ហើយកំពុងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវកន្លែងធ្វើការ និងបរិស្ថានប្រកបដោយបរិយាបន្ន សុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី និងបុគ្គលិកដែលមានភាពខ្វះខាត។
កាលពីខែមេសាកន្លងមកនេះ កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំដំណើរទស្សនកិច្ចសម្រាប់សមាជិកគណៈកម្មាការសួនកសិ-ឧស្សាហកម្ម (AIP) របស់កម្ពុជា ទៅកាន់ទីក្រុងម៊ែលប៊ន និងទីក្រុងភើត ដើម្បីពិនិត្យមើលសួនកសិ-ឧស្សាហកម្មនានារបស់អូស្ត្រាលី និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីសួនកសិ-ឧស្សាហកម្ម រួមទាំងការកែច្នៃចំណីអាហារ ការបង្កើនបរិយាកាសធុរកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងប្រទេសអូស្ត្រាលី។
យោងតាមរបាយការណ៍របស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កសិផលកម្ពុជាមិនទាន់កែច្នៃប្រមាណជាង ៩០% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ហើយ ប្រទេសទាំងនោះបានយកទៅកែច្នៃជាផលិតផល មានតម្លៃជាងកសិផលដើម ដូចជា ច្នៃធ្វើទៅជា តំណាប់ ទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈ ជាដើម។
សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុបជាង ២.៥លានតោន ដែលមានតម្លៃជាង ១.៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕