(ភ្នំពេញ)៖ កាលពី៥ឆ្នាំមុខ ការតវ៉ាអំពីប្រាក់ខែបានកើនឡើងស្ទើររាល់ថ្ងៃ នៅលើបណ្ដាញព័ត៌មាននៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នចំនួនអ្នកធ្វើតវ៉ា របស់កម្មកររោងចក្រកាត់ដេរ មានតិចជាងមុន ដោយសារតែ រាជរដ្ឋាភិបាលបានផ្ដោតលើលក្ខខ័ណ្ឌមួយ ក្នុងចំណោមលក្ខខ័ណ្ឌជាច្រើន ដែលក្រុមអ្នកតវ៉ាទាមទារចង់បាននោះ គឺការដំឡើងប្រាក់ខែ។

មូលហេតុដែលរាជរដ្ឋាភិបាលដោះស្រាយលើ ការបង្កើនប្រាក់ឈ្នួលនោះ ដោយសារតែមូលហេតុប្រាក់ខែតិច ធ្វើឲ្យកម្មករមិនអាចរស់នៅបាន ទៅស្ថានភាពសេដ្ឋកិច្ច និងប៉ះពាល់ដល់ផលិតភាពការងារ។ បញ្ហានេះក៏ជាបញ្ហាផ្ទាល់សំខាន់ ធ្វើឱ្យចំនួនកម្មករសន្លប់ កំឡុងពេលបំពេញការងារ ប្រចាំថ្ងៃ ដែលភាគីនៅក្នុងវិស័យកាត់ដេរ ត្រូវយកចិត្តទុកដាក់ និងអន្តរាគមន៍។

ជាការឆ្លើយតប ដោយយោងតាមមូលដ្ឋានការស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារ (ILO) និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) បង្ហាញថា អ្នកគ្រប់គ្រងរោងចក្រជឿថា កង្វះអាហារូបត្ថម្ភជះឥទ្ធិពលដល់ផលិតភាពការងារ ក្នុងនោះកម្មករបានចំណាយលើចំណីអាហារប្រចាំថ្ងៃ ពេលព្រឹកប្រមាណ ២ពាន់រៀល និងការចំណាយអាហារពេលថ្ងៃ និងល្ងាច ប្រមាណ ៥ពាន់រៀលជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ មានន័យថាកម្មករម្នាក់ៗចំណាយលើចំណីអាហារប្រមាណជាង ៥០ដុល្លារក្នុងមួយខែ។

ស្របពេលជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចមួយចំនួន នៅប្រទេសកម្ពុជា ក៏ធ្លាប់បានលើកឡើងថា ដើម្បី
ឱ្យកម្មករមានជីវភាពធូរធា គឺម្ចាស់រោងចក្រត្រូវជួយសម្រួលតម្លៃស្បៀងអាហារនៅកន្លែងធ្វើការ ការជួយសម្រួលតម្លៃផ្ទះ ឬកន្លែងស្នាក់នៅ ឬម្ចាស់រោងចក្រធានាផ្ដល់ចំណីអាហារដល់កម្មករ ។ ការធ្វើបែបនេះ នឹងជួយឲ្យជីវភាពកម្មករប្រសើរឡើង ហើយអាចជំរុញឲ្យផលិតភាពការងារកើនឡើងដែរ ដែលអាចជួយដល់ប្រាក់ចំណេញរបស់រោងចក្រ។

ម៉្យាងវិញទៀត ការបន្ថយបន្ទុកចំណាយកម្មករ ដូចជាការផ្ញើប្រាក់ទៅផ្គត់ផ្គង់គ្រួសារ គឺជាផ្នែកមួយសំខាន់ដែលធ្វើឲ្យកម្មករ អាច សល់លុយសម្រាប់រស់នៅកំឡុងពេលធ្វើការ។ ស្របពេលនេះ រាជរដ្ឋាភិបាល និងវិស័យឯកជន សង្គមស៊ីវិល និងសហជីព ត្រូវសហការគ្នា ដើម្បីជួយលើកហ្វឹកហ្វឺនលើកតម្កើងសមត្ថភាពបច្ចេកទេស ដើម្បីឱ្យសមស្របប្រាក់បៀវត្សខ្ពស់។

ការកាត់បន្ថយការចំណាយច្រើន សម្រាប់រោងចក្រដូចជា ថ្លៃដឹកជញ្ជូន ការយកកម្រៃក្រៅផ្លូវការផ្សេង ក៏ជាផ្នែកមួយសំខាន់ សម្រាប់ម្ចាស់រោងចក្រលៃលក ផ្ទេរការចំណាយនោះ សម្រាប់ដំឡើងប្រាក់បៀវត្សដល់កម្មករដែរ។

តែឥឡូវកម្មករហាក់ដូចជាឈប់តវ៉ា តែខាងរោងចក្របានស្នើសុំឲ្យរាជរដ្ឋាភិបាលជួយម្ដង ក្នុងនោះខាងឧស្សាហកម្មកាត់ដេរកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលជួយសម្រួលបន្ទាបថ្លៃរដ្ឋបាល និងពន្ធដារមួយចំនួន ដែលអាចទូទាត់បាន ទៅនឹងការចំណាយកាន់ខ្ពស់ ទៅនឹងការបង្កើនប្រាក់ឈ្នួលអប្បបរមា និងថ្លៃរបបសន្តិសុខសង្គមដល់កម្មករ។

* តួនាទីរបស់រដ្ឋាភិបាល និងជីវភាពកម្មករកាត់ដេរ

ដូចការរំពឹងទុក ប្រាក់ឈ្នួលអប្បបរិមាសម្រាប់កម្មករកាត់ដេរ បានកើនឡើងជាបន្តបន្ទាប់ស្របតាមការសន្យារបស់រដ្ឋាភិបាល និងការទទួលខុសត្រូវ ដើម្បីលើកស្ទួយជីវភាពរបស់កម្ពុជា។ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសថា ប្រាក់ខែគោលរបស់កម្មករកាត់ដេរមានចំនួន ២០០ដុល្លារអាមេរិក ដែលកើនឡើងខ្លាំងបើធៀបនឹង៥ឆ្នាំមុន ដែលមាន ១៤០ដុល្លារអាមេរិក (បើគិតនៅឆ្នាំ២០១៧)។

ទោះបីជាមានមតិរិះគន់អំពីរឿងប្រាក់ខែកម្មករកន្លងមក មិនឆ្លើយតបទៅនឹងជីវភាពកម្មករ ប៉ុន្តែការពិតបានបង្ហាញយ៉ាងច្បាស់ថា ប្រាក់កម្មករជាមធ្យមនាពេលបច្ចុប្បន្ន មានចំនួនយ៉ាងតិចបំផុតចន្លោះពី ២១៧ដុល្លារទៅ ២២៨ដុល្លារអាមេរិក ដោយបន្ថែមនៃប្រាក់លើកទឹកចិត្តនានា។ កម្មកខ្លះអាចរកចំណូលរហូតដល់ ៤៥០ដុល្លារ ឬច្រើនជាងនេះ ដោយអាស្រ័យលើការបន្ថែមម៉ោង និងបទពិសោធន៍ការងារ។

តាមផែនការរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរិមា សម្រាប់កម្មកររោងចក្ររៀងរាល់ឆ្នាំ នៅក្នុងផែនការយុទ្ធសាស្រ្តឆ្នាំ ២០២២ ដល់ឆ្នាំ២០២៧ ដែលជាសញ្ញាល្អ ដើម្បីឆ្លើយតបទៅនឹងទីមួយ៖ អត្រាអតិផរណា ទីពីរ៖ ការឡើងថ្លៃនៃការចំណាយស្នាក់នៅ ទីបី៖ ដោយសារតែផលិតការងារកើនឡើង ទីបួន៖ ភាពប្រសើរឡើងនៃភាពប្រកួតប្រជែង របស់រោងចក្រតាមរយៈបទពិសោធន៍ការងារល្អ និងទីប្រាំ ការចែករំលែកផលចំណេញ របស់ម្ចាស់រោងចក្រ។

មូលដ្ឋាននេះ ជាយន្តការយ៉ាងមានប្រសិទ្ធិភាព ដើម្បីធានាដល់និរន្តភាពនៃការអភិវឌ្ឍវិស័យកាត់ដេរ នៅប្រទេសកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជីវភាពកម្មករត្រូវតែយកចិត្តទុកដាក់ ដោយសារតែចំនួនកម្មករទាំងនោះ ជាអ្នករ៉ាប់រង ជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញ ជួយរកផលចំណេញឱ្យថៅកែរោងចក្រ និងជាផ្នែកមួយជួយទ្រទ្រង់សេដ្ឋកិច្ច តាមរយៈការចែករំលែកប្រាក់ខែ សម្រាប់ជួយក្រុមគ្រួសារនៅទីជនបទ។

តាមការប៉ាន់អ្នកដែលទទួលផលដោយប្រយោល ពីបងប្អូនកម្មករកាត់ដេរនៅកម្ពុជា មានប្រមាណ១លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដូចជាក្រុមគ្រួសារ អ្នកលក់ដូរជុំវិញរោងចក្រ អ្នកជួលផ្ទះ អ្នករត់រឺម៉ក…។ល។

បច្ចុប្បន្នកម្មករកាត់ដេរនៅកម្ពុជា ទាំងអស់មានប្រមាណ ៧០ម៉ឺននាក់ ដែលបង្កើតតម្លៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ១១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២១ ក្នុងនោះផ្នែកកាត់ដេរមានតម្លៃ ៨ពាន់លានដុល្លារ វិស័យស្បែកជើង ១ពាន់៣រយលានដុល្លារ វិស័យកាបូបស្បែក និងវ៉ាលី មានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក។

នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ និងស្បែកជើង ២០២២-២០២៧ បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីការអភិវឌ្ឍវិស័យកាត់ដេរ ឱ្យមានភាពប្រកួតប្រជែងខ្ពស់ និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។ ផែនការនោះ ផ្ដោតលើចំណុច៤សំខាន់ៗ ទីមួយ៖ ពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងតម្រង់ទិញការងារឱ្យកាន់តែប្រសើរលើវិជ្ជាជីវៈការងាររបស់កម្មករ ទីពីរ៖ បន្តពង្រឹងលក្ខខ័ណ្ឌការងារ ទីបី៖ ទាក់ទាញវិនិយោគបន្ថែមទាំងក្នុងស្រុក និងបរទេស និងទីបួន ពង្រឹងនិងស្វែងរកទីផ្សារការងារថ្មីបន្ថែមទៀត។
បច្ចុប្បន្ន វិស័យកាត់ដេរនៅកម្ពុជា ចូលរួមចំណែកក្នុងទំហំសេដ្ឋកិច្ចជាតិ (GDP) ១៦% និងមានចំណែករហូតដល់ ៨០% នៃការនាំចេញសរុបរបស់កម្ពុជា៕

ដោយ៖ អាន ស៊ីថាវ