(ភ្នំពេញ)៖ មន្រ្តី និងក្រុមហ៊ុននាំចេញរំពឹងថា ការនាំចេញមៀនប៉ៃលិនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សាប្រទេសចិន នៅរដូវក្រោយនេះ នឹងកើនឡើងលើសរដូវកាលមុនពី៥ទៅ៨ដង ខណៈកសិករបានបង្កើនការផលិតច្រើនជាងមុន ស្របពេល​មានទីផ្សារល្អ។

កាលពីរដូវកាលមុនកម្ពុជានាំចេញមៀនស្រស់ ទៅកាន់ប្រទេសចិន បានចំនួន ៣៤០០តោន។

លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ថា បន្ទាប់ពីរដូវកាលប្រមូលផលមៀនប៉ៃលិនបានបញ្ចប់កាលពីថ្ងៃខែមេសា ឆ្នាំ២០២៣ ហើយនៅខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាកសិករនឹងចាប់ផ្តើមប្រមូលផលផ្លែមៀនប៉ៃលិននារដូវកាលថ្មី សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ជាពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលអាចនឹងកើនឡើងពី៥ទៅ៨ដង។

លោកបានលើកឡើងបន្តថា «​យើងរំពឹងថានឹងមានអត្រាកើនឡើង អាចកើនឡើងខ្ពស់គុណនឹង៥ ទៅ៨​ដងនៃឆ្នាំចាស់។ មូលហេតុដោយសារ នៅពេលកសិករគាត់មានទីផ្សារពិតប្រាកដ ​​គាត់ចាប់ផលិតពេញលេញឡើងវិញ។ ជាក់ស្តែងនៅរដូវកាលមុន (ឆ្នាំ២០២២-២០២៣) កសិករមិនរំពឹងថាមានទីផ្សារនាំចេញទេ ដែលធ្វើឱ្យពួកគាត់មានការរារែកក្នុងការផលិតច្រើន ​​ហើយការចុះអនុស្សារណៈ ក្នុងការទទួលបានសិទ្ធិនាំចេញទៅប្រទេសចិននៅខែកញ្ញា វាហួសរដូវកាលនៃការផលិតរបស់កសិករ ហេតុនេះហើយ ទើបកសិករងាកមកបង្កើនការផលិតនៅឆ្នាំនេះវិញ»

លោកបន្តថា បន្ទាប់ពី​កម្ពុជាទទួលបានសិទ្ធិនាំចេញទៅប្រទេសចិន កាលពីចុងឆ្នាំ២០២២ ទីផ្សារមៀនប៉ៃលិនល្អ​ជាងមុន ​ហើយការនាំចេញផ្លែមៀនទៅប្រទេសចិន ក៏មានលក្ខណៈល្អប្រសើរ ខណៈ​នៅឆ្នាំនេះមានដៃគូនាំចេញមកពីប្រទេសចិន​ចាប់អារម្មណ៍មកទំនាក់ទំនង និងចាប់ដៃគូ ដើម្បីនាំចេញច្រើន។

សម្រាប់ក្រុមហ៊ុនរបស់លោក ​​នៅរដូវកាលក្រោយនេះ គ្រោងនាំចេញប្រមាណ ១០០តោនក្នុងមួយខែ ដោយទទួលទិញពីកសិករ ដែលជាសមាជិករបស់​សហភាពសហគមន៍មៀនប៉ៃលិនកម្ពុជា ។

លោកបន្តថា «យើងកំពុងតែធ្វើការផ្សព្វផ្សាយជាមួយកសិករ ដើម្បីយើងក្តោបទិន្នន័យពីការផលិតរបស់គាត់ កុំឱ្យខ្សែច្រវាក់ផលិតកម្មរបស់គាត់វាជាន់គ្នា នៅពេលដែលការប្រមូលផលជាន់គ្នានាំឱ្យខ្វះកម្លាំងពលកម្ម ព្រោះកន្លងមកយើងខ្វះខាតកម្លាំងពលកម្ម»

លោកបន្ថែមថា បើទោះបីជាមៀនប៉ៃលិនមានទីផ្សារល្អ ប៉ុន្តែតម្លៃអាចនឹងមិនកើនឡើងជាងមុនច្រើននោះទេ។ តែយ៉ាងណាមិញ តម្លៃហាក់មិនទាន់កើនឡើងច្រើន ប៉ុន្តែស្រួលលក់ជាងមុន។

​លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News ​ដែរថា បន្ទាប់ពីកម្ពុជាចាប់ផ្តើមនាំចេញមៀនប៉ៃលិនទៅចិនកាលពីចុងឆ្នាំមុន នៅឆ្នាំនេះប្រជាកសិករនៅខេត្តបាត់ដំបង ​​មានការថែទាំ និងពង្រីកការបញ្ជាឱ្យចេញផ្កាច្រើនជាងមុន។ លោករំពឹងថា អំឡុងពេលប្រមូលនៅរដូវកាលក្រោយនេះ នឹងទទួលបានទិន្នផលច្រើន ដែលសង្ឃឹមការនាំចេញទៅប្រទេសចិន​ចាប់ពីខែកញ្ញានេះ នឹងមានកំណើនជាងរដូវកាលមុន។

លោកបានឱ្យដឹងផងដែរថា កន្លងមកតម្លៃមៀនប៉ៃលិនប្រភេទលេខ១ ​ចន្លោះពី ៣៥០០រៀលទៅ ៤៥០០រៀលក្នុងមួយគីឡូក្រាម ​ប្រភេទលេខ២ និង៣ មានតម្លៃចន្លោះពី ២៥០០រៀលទៅ ៣០០០រៀល និងប្រភេទលេខ ៤មានតម្លៃ ១០០០រៀល​ ចុះក្រោម​​ ក្នុងមួយគីឡូក្រាម​។​ តម្លៃនេះ គឺជាតម្លៃដែលកសិករសប្បាយចិត្ត។​ ដោយឡែកតម្លៃសម្រាប់លក់ក្នុងស្រុក ​នាបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ២៣០០រៀលទៅ ២៥០០រៀលក្នុងមួយគីឡូក្រាម។

បើតា​មប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងរូបនេះគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ចំការមៀន​ប៉ៃលិនក្នុង​ខេត្ត​បាត់ដំបង​​​​ ដែល​បាន​ចុះបញ្ជីចំការ​ និងទទួល​បាន​វិញ្ញាបនបត្រ អនុវត្ត​កសិកម្ម​ល្អ​ (GAP) មាន​ចំនួន១០៤​ចំការ​ លើផ្ទៃដី​១ ៤០៦​ហិកតា​ និងមានក្រុមហ៊ុន​ ចំនួន​៣​ ដែល​បាន​វាយតម្លៃ​ជាប់​ក្នុងការនាំផ្លែមៀន​ស្រស់ពីកម្ពុជាទៅ​ចិន​។

លោកបន្ថែមថា បច្ចុប្បន្ននេះសហគមន៍មៀនប៉ៃលិនស្រុករតនៈមណ្ឌល ដែលមានផ្ទៃដីចំការមៀនអនុវត្តកសិកម្មល្អ ២៥០០ហិកតា​ បាននិងកំពុងសហការជាមួយក្រុមហ៊ុនមកពីប្រទេសថៃ​ រៀបចំទីតាំងប្រមូលទិញ វេចខ្ចប់នាំផ្លែមៀនទៅក្រៅប្រទេសផងដែរ។

សូមជម្រាបថា កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ បើកទីផ្សារអស់រយៈពេលជាង ៣ឆ្នាំរួចមក។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម ​រយៈពេល៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួនជាង ៣ ៤២២​ តោនទៅទីផ្សារប្រទេសចិន​៕