(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារថា វៀតណាមកំពុងប្រឈមនឹងឧបសគ្គខ្លាំង ក្នុងការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំនេះ ដោយសារមូលដ្ឋានកំណើនទាប នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

លោករដ្ឋមន្ត្រី Nguyen Chi Dung ត្រូវបានដកស្រង់សម្ដីដោយកាសែត VN Express ខណៈថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ដើម្បីសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦% សម្រាប់រយៈពេលពេញមួយឆ្នាំ សេដ្ឋកិច្ចត្រូវការកំណើន ៨% នៅឆមាសទីពីរ ហើយដើម្បីសម្រេចបានអត្រាកំណើន ៦,៥% ត្រូវការជាចាំបាច់នូវកំណើន ៨,៩% ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំនេះ។

លោក Dung បានស្នើថា ស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយបញ្ហានានា ដែលក្រុមហ៊ុនអាជីវកម្មកំពុងប្រឈម ដើម្បីជួយជំរុញការផលិត ការប្រើប្រាស់ និងការនាំចេញ។

លោកបានបន្ថែមថា អាជ្ញាធរចាំបាច់ត្រូវដោះស្រាយបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ទីផ្សារភាគហ៊ុន និងមូលបត្របំណុល ដើម្បីធ្វើឱ្យពួកគេក្លាយជាបណ្តាញ ដែលអាចទុកចិត្តបានសម្រាប់ការប្រមូលមូលធន។

លោកបានបន្តថា របបការិយាធិបតេយ្យត្រូវតែកាត់បន្ថយ ហើយបរិយាកាសអាជីវកម្មត្រូវកែលម្អ។

ស្ថាប័នអន្តរជាតិជាច្រើន បានទម្លាក់ការព្យាករបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ច របស់វៀតណាមនៅឆ្នាំនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករបស់ខ្លួនពី ៥,៨% មកនៅត្រឹម ៤,៧% នៅក្នុងរបាយការណ៍កាលពីខែមុន។

ទោះជាយ៉ាងណា យោងតាមក្រសួងផែនការវៀតណាម សេដ្ឋកិច្ចវៀតណាមហាក់ដូចជាស្ទុះងើបឡើងវិញនៅត្រីមាសទីពីរនេះ។ នេះបើយោងតាមកាសែត VN Express៕