(ហាណូយ)៖ ទីផ្សារនាំចេញជីរបស់ប្រទេសវៀតណាមបានធ្លាក់ចុះទាំងបរិមាណ និងតម្លៃក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ។ នេះបើយោងតាមកាសែត Vietnam news។
លោក Phung Hà អគ្គលេខាធិការនិងជាអនុប្រធានសមាគមកសិករវៀតណាមបានប្រាប់កាសែត Vietnam news ថា តម្លៃជីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ជាពិសេសជីអ៊ុយរ៉េ ដោយសារតម្លៃវត្ថុធាតុដើមដូចជាឧស្ម័ន និងធ្យូងថ្មសម្រាប់ផលិតកម្មធ្លាក់ចុះ។
លើសពីនេះទៀត ប្រទេសចិនលែងដាក់កំហិតលើការនាំចេញជី ២៩ប្រភេទទៀតហើយ។ វិធានការនេះបានបង្កើនការផ្គត់ផ្គង់ជីនៅលើទីផ្សារពិភពលោកយ៉ាងខ្លាំង ដោយដាក់សម្ពាធធ្វើឱ្យតម្លៃធ្លាក់ចុះដើម្បីជំរុញការការប្រើប្រាស់។
អាស្រ័យហេតុនេះ តម្លៃជីគ្រប់ប្រភេទបានធ្លាក់ចុះពី ៦០-៦៥ ភាគរយ បើធៀបនឹងដើមឆ្នាំមុន ហើយមាននិន្នាការស្ថិរភាពដោយរក្សាបាននូវកម្រិតទាបនាពេលបច្ចុប្បន្ន។
លើសពីនេះ តម្រូវការជីក៏ធ្លាក់ចុះផងដែរ ដោយសារវាមិនមែនជារដូវត្រូវការជីច្រើនដែលបានរួមចំណែកជំរុញឱ្យតម្លៃធ្លាក់ចុះផងដែរ។
លោក Ngô Văn Đông អគ្គនាយកក្រុមហ៊ុន Bình Điền Fertilizer Joint Stock Company របស់វៀតណាមមានប្រសាសន៍ថា មានក្រុមហ៊ុនថៃនិងចិនជាច្រើនមកវិនិយោគនៅកម្ពុជា និងទិញគ្រឿងផ្សំសម្រាប់ផលិតកម្មកសិកម្ម។
លោក Đông បានថ្លែងថា នេះជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនផលិតជីវៀតណាមនៅកម្ពុជាដេលជាទីផ្សារនាំចេញប្រពៃណីរបស់ខ្លួន។
ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ ក្រៅពីទីផ្សារប្រពៃណីរបស់ខ្លួនដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កម្ពុជា និងឡាវ ក្រុមហ៊ុនផលិតជីក្នុងស្រុកជាច្រើនបានព្យាយាមពង្រីកការនាំចេញរបស់ពួកគេទៅកាន់ទីផ្សារផ្សេងទៀតដូចជាកោះតៃវ៉ាន់ ប្រេស៊ីល ឥណ្ឌា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។ នេះបើយោងតាមកាសែត Vietnam news៕