(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃចន្ទថា ចិននឹងគ្រប់គ្រងការនាំចេញលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងឧស្សាហកម្មបន្ទះឈីប ដែលជាវិធានការចុងក្រោយបំផុត ក្នុងសង្គ្រាមមីក្រូឈីបបច្ចេកវិទ្យាខ្ពស់ រវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វិធានការគ្រប់គ្រងដែលប្រទេសចិន បាននិយាយថា មានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍ជាតិនេះ នឹងតម្រូវឱ្យក្រុមហ៊ុននាំចេញស្នើសុំការអនុញ្ញាត ដើម្បីនាំចេញសាធាតុកាល្យូម (gallium) និងហ្សេម៉ានីញ៉ូម (germanium) មួយចំនួន។
យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយនានា វិធានការគ្រប់គ្រងការនាំចេញសាធាតុកម្រទាំងនេះ ដែលទីក្រុងប៉េកាំងចាត់ថ្នាក់ថា ជាវិធានការយុទ្ធសាស្ត្រនេះ បានកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាដាក់ចេញវិធានការរឹតបន្តឹងថ្មី លើការនាំចេញមីក្រូឈីបបច្ចេកវិទ្យាខ្ពស់ ទៅកាន់ប្រទេសចិន។
សហរដ្ឋអាមេរិកនិងប្រទេសហូឡង់ ក៏គ្រោងនឹងដាក់ចេញវិធានការថ្មីមួយ សំដៅលើក្រុមហ៊ុនផលិតបន្ទះឈីប របស់ប្រទេសចិននៅរដូវក្តៅនេះ តាមរយៈការរឹតបន្តឹងបន្ថែមទៀត លើការលក់ឧបករណ៍ផលិតបន្ទះឈីប ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីការពារបច្ចេកវិទ្យារបស់ពួកគេមិនធ្លាក់ ទៅដល់ដៃចិនប្រើប្រាស់ពង្រឹងយោធា។
វិធានការគ្រប់គ្រងរបស់ប្រទេសចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហាខាងមុខនេះ នឹងអនុវត្តចំពោះផលិតផល ដែលទាក់ទងនឹងសាធាតុកាល្យូម (gallium) ចំនួនប្រាំបី រួមមាន Gallium antimonide, gallium arsenide, gallium, gallium nitride, gallium oxide, gallium phosphide, gallium selenide និង indium gallium arsenide។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕