(ហ្សាការតា)៖ ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតជំងឺដ៏ខ្លាំងក្លាបានជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីវិលត្រឡប់ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ម្តងទៀត ដែលត្រួសត្រាយផ្លូវឱ្យប្រទេសនេះឆ្ពោះទៅរកការសម្រេចបានគោលដៅឋានៈប្រទេសមានប្រាក់ចំណូលខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមការផ្តល់ចំណាត់ថ្នាក់ចុងក្រោយរបស់ធនាគារពិភពលោក (WB) ថា ឥណ្ឌូណេស៊ីទទួលបានចំណាត់ថ្នាក់នេះមកវិញនៅឆ្នាំនេះ ដោយសារប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ៤ ៥៨០ដុល្លារ។ កម្រិតប្រាក់ចំណូលនេះកើនឡើងពីតួលេខមុនដែលមានចំនួន ៤ ១៤០ដុល្លារដែលបានរក្សាឥណ្ឌូណេស៊ីឱ្យស្ថិតក្នុងឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបរយៈពេលពីរឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំ២០២២។

ធនាគារពិភពលោក (WB) បានកត់សម្គាល់ថា៖ «ប្រទេសឥណ្ឌូនេស៊ីបានបន្តស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាតដ៏ខ្លាំងក្លា ហើយផលិតផលក្នុងស្រុកសរុបពិតបានកើនឡើង ៥,៣»។ ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២២របស់ប្រទេសនេះបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំបួនឆ្នាំ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២០ តែត្រូវបានទម្លាក់មកវិញនៅឆ្នាំបន្ទាប់ ដោយសារប្រទេសនេះទទួលរងនូវការផ្ទុះជំងឺកូវីដដ៏អាក្រក់បំផុតមួយក្នុងចំណោមការផ្ទុះខ្លាំងក្លាផ្សេងៗទៀតក្នុងពិភពលោក។ ការបើកដំណើរការប្រទេសឡើងវិញជាបណ្តើរៗរបស់ប្រទេសនេះកាលពីឆ្នាំមុនមើលឃើញថា ការប្រើប្រាស់និងការងារចាប់ផ្តើមងើបឡើងវិញ ខណៈពេលដែលការកើនឡើងតម្រូវការទំនិញសកលបានអនុញ្ញាតឱ្យការនាំចេញដើរតួជាសសរស្តម្ភបន្ថែមមួយនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕