(បាងកក)៖ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានជំរុញភ្នាក់ងារពាក់ព័ន្ធនានា ឱ្យបង្កើនប្រសិទ្ធភាពនីតិវិធី ដើម្បីឱ្យប្រទេសថៃអាចសម្រេចបានទិសដៅទទួលបានភ្ញៀវទេសចរចំនួន២៥ លាននាក់នៅឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
អ្នកស្រី Traisuree Taisaranakul បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យប្រវត្តិទិដ្ឋាការ (VPSS) នៅខែនេះដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) និងក្រសួងការបរទេសថៃ ដើម្បីពន្លឿនដំណើរការពាក្យសុំទិដ្ឋាការទេសចរណ៍ មានការជឿជាក់ថានឹងសម្រេចបានទិសដៅទេសចរណ៍នេះ។
លោកស្រី Traisuree បានថ្លែងថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ថៃទទួលបានភ្ញៀវទេសចរចំនួន ១២,៤៦លាននាក់ កើនឡើង ៥៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសដែលមានភ្ញៀវទេសចរទៅទស្សនាប្រទេសថៃច្រើនជាងគេទាំង៥ រួមមានម៉ាឡេស៊ី (១,៩៨លាននាក់) ចិន (១,៣៨លាននាក់) រុស្ស៊ី (៧៨៤ ០០០នាក់) កូរ៉េខាងត្បូង (៧៤១ ០០០នាក់) និងឥណ្ឌា (៧៣២ ០០០)។
ការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការបន្តកើនឡើងវិស័យទេសចរណ៍គឺជាកត្តាសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច។
លោកស្រី Traisuree បានមានប្រសាសន៍ថា «វិស័យទេសចរណ៍គឺជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយប៉ះប៉ូវការថមថយការនាំចេញដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ស្ថាប័នពាក់ព័ន្ធត្រូវចៀសវាងកត្តាដែលរារាំងដល់ការធ្វើដំណើរក្នុងនិងក្រៅប្រទេស និងប៉ះពាល់ដល់ទំនុកចិត្ត និងសុវត្ថិភាពរបស់ភ្ញៀវទេសចរ»។
លោកស្រីបានបន្ថែមថា យោងតាមការប៉ាន់ប្រមាណរបស់អាជ្ញាធរ TAT ចំនួនភ្ញៀវទេសចរបរទេស ដែលទៅទស្សនាប្រទេសថៃនឹងសម្រេចបានតាមទិសដៅចំនួន ២៥លាននាក់ រួមទាំង ៥លាននាក់មកពីប្រទេសចិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕