(ក្រុងឡុងដ៍)៖ ប្រេងឆៅបានធ្លាក់ចុះថ្លៃនៅថ្ងៃចន្ទ ដោយសារក្តីបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងលទ្ធភាពដែលអាចដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយធនាគារកណ្តាលអាមេរិក បានដាក់បន្ទុកលើតម្លៃប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការភ័យខ្លាចថានឹងមានការធ្លាក់ចុះសេដ្ឋកិច្ចបន្ថែមទៀត ដែលប៉ះពាល់ដល់តម្រូវការប្រេងឥន្ធនៈ បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីទិន្នន័យ កាលពីថ្ងៃសុក្របានបង្ហាញថា អតិផរណានៅសហរដ្ឋអាមេរិក នៅតែខ្ពស់ជាងទិសដៅ ២ភាគរយរបស់ធនាគារកណ្តាល ហើយបានធ្វើឱ្យមានការរំពឹងទុកថា អត្រាការប្រាក់នេះនឹងត្រូវដំឡើងម្តងទៀត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងក្នុងកិច្ចសន្យាចែកចាយនាពេលអនាគត របស់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤សេនមកត្រឹម ៧៥,៣៧ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងត្រឹមម៉ោង ៣រសៀលថ្ងៃចន្ទ បន្ទាប់ពីបានឡើងថ្លៃ ០,៨ភាគរយកាលពីថ្ងៃសុក្រ។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៧០,៥៥ដុល្លារក្នុងមួយបារ៉ែលធ្លាក់ចុះ ៩សេន បន្ទាប់ពីបានឡើងថ្លៃខ្ពស់ ១១ភាគរយនៅពេលបិទការជួយដូរនៅវគ្គមុន។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤ត្រីមាសជាប់ៗគ្នាគិតត្រឹមដំណាច់ខែមិថុនា ខណៈដែល ប្រេងឆៅប្រភេទ WTI បានធ្លាក់ចុះ ២ត្រីមាសជាប់គ្នា ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកគឺសហរដ្ឋអាមេរិក និងប្រទេសចិនបានបាត់បង់សន្ទុះល្បឿនសេដ្ឋកិច្ចនៅក្នុងត្រីមាសទីពីរ។

ជាធម្មតា អត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ដែលធ្វើឱ្យទំនិញមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត ហើយថែមទាំងធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះផងដែរ៕