(កូឡុំបូ)៖ សភារបស់ប្រទេសស្រីលង្កាកាលពីថ្ងៃសៅរ៍ បានអនុម័តផែនការរៀបចំបំណុលក្នុងស្រុកឡើងវិញ ដែលមានសារៈសំខាន់ ក្នុងការបន្តទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ផែនការនេះបានអនុម័ត ដោយសំឡេងភាគច្រើន ១២២សំឡេងក្នុងសភាដែលមានសមាជិក២២៥រូប។
ប្រទេសស្រីលង្កា បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាង ៧ទសវត្សរ៍កាលពីឆ្នាំមុន បន្ទាប់ពីប្រាក់បម្រុងប្រាក់ដុល្លាររបស់ប្រទេសនេះ បានថយចុះដល់កម្រិតទាប ដែលបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ ការបរាជ័យសងបំណុលបរទេស និងការលាលែងពីតំណែងរបស់អតីតប្រធានាធិបតីរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ធា ដើម្បីធ្វើឱ្យបំណុលមាននិរន្តរភាព និងឆ្លងកាត់ការពិនិត្យមើលពីមូលនិធិ IMF ឱ្យបានជោគជ័យ ស្រីលង្កាបានដាក់បង្ហាញក្របខណ្ឌរៀបចំបំណុលក្នុងស្រុកឡើង ដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលព្យាយាមធ្វើការងារឡើងវិញ លើផ្នែកខ្លះនៃបំណុលក្នុងស្រុក ដែលមានចំនួន ៤២ពាន់លានដុល្លាររបស់ប្រទេសដីកោះមួយនេះ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Shehan Semasinghe បានប្រាប់សភាថា «ផែនការរៀបចំបំណុលឡើងវិញនេះ មានសារៈសំខាន់សម្រាប់ប្រទេសស្រីលង្កា ដើម្បីសម្រេចបានគោលដៅ ដែលបានកំណត់ដោយកិច្ចព្រមព្រៀង IMF ក្នុងការកាត់បន្ថយបំណុលពី ១២៨% នៃ GDP បច្ចុប្បន្នមកត្រឹម ៩៥% នៃ GDP នៅឆ្នាំ២០២៣»។
លោកមានប្រសាសន៍ថា៖ «យើងកំពុងធ្វើបែបនេះខណៈពេលដែលការពារធនាគារ អ្នកដាក់ប្រាក់បញ្ញើ និងប្រាក់សោធន»៕