(បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងកើនឡើង ៣.៩ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងអត្រា ៣.៦ភាគរយ ដែលបានព្យាករកន្លងមកដោយសារកំណើនប្រើប្រាស់ឯកជន និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ២.៦ភាគរយក្នុងឆ្នាំ២០២២ នៅពេលដែលវិស័យទេសចរណ៍របស់ខ្លួនចាប់ផ្តើមងើបឡើងវិញ ក្រោយពេលដែលវិធានការទប់ស្កាត់ ការធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើង ៣.៦ភាគរយនៅឆ្នាំ២០២៤ និង ៣.៤ភាគរយនៅឆ្នាំ២០២៥ ដោយវិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន នៅតែជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការខាងក្រៅធ្លាក់ចុះ។
ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ ជាពិសេសពីប្រទេសចិន បានពង្រឹងចក្ខុវិស័យទេសចរណ៍របស់ប្រទេសថៃ។ ធនាគារពិភពលោកបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរ ត្រូវបានព្យាករថានឹងកើនឡើងដល់ ២៨,៥លាននាក់ដែលលើសពីការរំពឹងទុកនៅឆ្នាំនេះ ពោលគឺស្មើនឹង ៨៤ភាគរយនៃកម្រិតមុនកើតមានជំងឺរាតត្បាតនៅឆ្នាំ២០៩៕