(ភ្នំពេញ)៖ មេ CSX បានលើកទឹកចិត្តដល់វិនិយោគិនថ្មីៗ គួរសាកល្បងឈានជើងចូលទីផ្សារហ៊ុន ដើម្បីវិនិយោគ និងទទួលផលចំណេញ ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនថ្មីៗ បានចុះបញ្ជីក្នុងផ្សារមូលបត្រជាបន្តបន្ទាប់ ព្រមទាំងតម្លៃហ៊ុនទាប ជាពិសេសក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន សែលកាត របស់អ្នកឧកញ៉ា គិតម៉េង និង ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (MJQE) របស់អ្នកឧកញ៉ា គួច ម៉េងលី ដែលធ្វើឱ្យទីផ្សារមានការចាប់អារម្មណ៍ពីអ្នកនិយោគ។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីក្រុមហ៊ុនទាំងពីរឈានជើងចូលទីផ្សារមូលបត្រ នៅក្នុងសប្តាហ៍នេះ ទំហំនៃការជួញដូរបានកើនក្នុងរង្វង់ពី ៣០ម៉ឺនដល់ ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើធៀបនឹងរយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានជួញដូរក្នុងចន្លោះ ២០ម៉ឺនដុល្លារទៅ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
លោកបានឱ្យដឹងថា តម្លៃហ៊ុន របស់ក្រុមហ៊ុន MJQE ដែលបានដាក់លក់ដំបូង ក្នុងតម្លៃ២០៨០ដុល្លារក្នុងមួយហ៊ុន ការជួញដូរថ្ងៃដំបូងឡើងដល់ ២២០០រៀលក្នុងមួយហ៊ុន ប៉ុន្តែបានធ្លាក់ចុះបន្តិចមកវិញ នៅត្រឹម២១៣០រៀល គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែតម្លៃនេះនៅតែខ្ពស់ជាងតម្លៃដើម ៥០រៀលក្នុងមួយហ៊ុន។ ដោយឡែកតម្លៃហ៊ុនរបស់ក្រុមហ៊ុន សែលកាត ដែលបានបោះលក់ដំបូងក្នុងតម្លៃ ២២៧០រៀលក្នុងមួយហ៊ុន គិតមកដល់ថ្ងៃសុក្រ បានកើនឡើងដល់ ២៤០០រៀល។
លោកបញ្ជាក់ថា កើនឡើង ឬថយចុះ នៅក្នុងការជួញដូរ គឺជារឿងធម្មតារបស់ទីផ្សារ ដែលតែងប្រែប្រួលទៅតាមសកម្មភាពនៃការទិញលក់ប្រចាំថ្ងៃ ដោយមិនប្រែប្រួលទៅតាមស្ថានភាពរបស់ក្រុមហ៊ុននៅឡើយទេ ចំពោះការជួញដូរក្នុងពេលនេះ។
លោកកត់សម្គាល់ថា ភាគច្រើននៃអ្នកដែលទិញភាគហ៊ុនពីក្រុមហ៊ុនទាំងពីរនេះ ភាគច្រើនជាវិនិយោគិនថ្មី ដែលទើបចូលទីផ្សារ ដោយពួកគេដាក់ក្តីរំពឹងទៅលើកំណើន និងភាពរីកចម្រើននៃអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរ ក្នុងពេលខាងមុខ។
លោកមានប្រសាសន៍ថា «យើងឃើញថា តាំងពីក្រុមហ៊ុនទាំងពីរ ចាប់ផ្តើមនិតិវិធីបោះផ្សាយមូលបត្រមក មានការចាប់អារម្មណ៍មែនទែន ទាំងក្នុងចំណោមសាជីវកម្ម ដែលចង់យកក្រុមហ៊ុនរបស់ខ្លួនមកចុះបញ្ជីក្នុងផ្សារហ៊ុន និងបោះផ្សាយមូលបត្រលក់ ក៏ដូចជាក្នុងចំណោមវិនិយោគិន ដែលចាប់ផុសផុលក្នុងការបើកគណនីជួញដូរ ក៏ដូចជាសាធារណជនទូទៅ ដែលចាប់ផ្តើមស្វែងពីរវិស័យមួយនេះ»។
លោកមានប្រសាសន៍ថា វិនិយោគិនគួរតែចាប់ផ្តើមបើកគណនីជួញដូរ និងចាប់ផ្តើមសាកល្បងវិនិយោគក្នុងទំហំតូចៗ ដើម្បីរៀនសូត្រពីការវិនិយោគ នៅក្នុងទីផ្សារមូលបត្រ និងស្វែងយល់ពីសក្តានុពលរបស់ក្រុមហ៊ុននីមួយៗ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ។
លោកបន្តថា «ខ្ញុំលើកទឹកចិត្តដល់វិនិយោគិនយើងកន្លងមក ចាប់ផ្តើមវិនិយោគតិចតួច ក្នុងកម្រិត ១០០ ឬ២០០ ឬ១០០០ ដើម្បីតាមដានទីផ្សារ និងទំនោរបស់ក្រុមហ៊ុន។ សម្រាប់ក្រុមហ៊ុន តម្លៃហ៊ុនល្អ ឬមិនល្អ ឬឱកាសវិនិយោគល្អ ឬមិនល្អ គឺយើងមើលទៅលើទំនោរ ថាតើទំនោររបស់ក្រុមហ៊ុននីមួយៗ មានទំនោរយ៉ាងដូចម្តេចដែរ តើទំនោរកើនឡើងក្នុងរយៈពេលខ្លី រយៈពេលមធ្យម ឬរយៈពេលវែង ហើយមានឱកាសក្នុងការចំណេញជាមុនដែរឬអត់?»។
អ្នកឧកញ៉ា គួច ម៉េងលី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនទាំងអស់ គាំទ្រទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាគាំទ្រដល់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ដើម្បីធ្វើយ៉ាងណាឱ្យទីផ្សារមានភាពរីកចម្រើន និងមានកំណើននៃការជួញដូរប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ ឈានជើងចូលទីផ្សារមូលបត្រ ក្នុងការកៀរគរទុនសម្រាប់ពង្រីកអាជីវកម្ម និងគាំទ្រទីផ្សារមូលបត្ររបស់កម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាមានការរីកចម្រើន សេដ្ឋកិច្ចស្ថិតស្ថេរ។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន២០ហើយ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ៩៕