(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ប្រៃសណីយ៍កម្ពុជា ស្តីពីការគ្រប់គ្រងនិងការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនិងមន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទស្ថាប័នទាំងពីរ និងតាមប្រព័ន្ធវីដេអូពីតំណាងក្រសួងពាណិជ្ជកម្ម, Global Alliance for Trade Facilitation/Swisscontact, UNCTAD, សហភាពប្រៃសណីយ៍សកល (UPU) និងអ្នកជំនាញការមួយចំនួន។ ពិធីនេះ ធ្វើឡើងនារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានការកើនឡើងជាបន្តបន្ទាប់ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន (Cross Border e-Commerce) ស្របតាមការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មនៃស្ថាប័នទាំងពីរ គឺដើម្បីផ្លាស់ប្តូរ វិភាគ និងគ្រប់គ្រងព័ត៌មានបញ្ញើប្រៃសណីយ៍ សំដៅពង្រឹងអនុលោមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ និងកាតព្វ-កិច្ចផ្សេងទៀត ដែលតម្រូវឲ្យមាន អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ឬវិញ្ញាបនបត្រនានា។

សូមបញ្ជាក់ផងដែរថា គម្រោងធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រព័ន្ធប្រកាសគយ (CDS) របស់ប្រៃសណីយ៍កម្ពុជា នឹងចូលរួមគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមឧត្តមានុវត្តនិងគោលការណ៍ណែនាំជាអន្តរជាតិ ជាពិសេសសេចក្តីណែនាំរបស់អង្គការគយពិភពលោកនិងសហភាពប្រៃសណីយ៍សកល។

លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងបន្ថែមថា ការធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ នឹងដោះស្រាយបាននូវបញ្ហាប្រឈមនានាកន្លងមក ដើម្បីធ្វើឲ្យដំណើរការបំពេញបែបបទ បញ្ញើប្រៃសណីយ៍កាន់តែមានភាពឆាប់រហ័ស និងអាចគ្រប់គ្រងបាននូវហានិភ័យនានាជាយថាហេតុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងឱកាសនេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក្រុមការងារនៃអង្គភាពទាំងពីរដែលបានកិច្ចសហការគ្នាល្អ ក្នុងការរៀបចំនិងអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក។

ទន្ទឹមនេះ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់គម្រោង Go4eCAM និងសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (GATF) តាមរយៈគម្រោង SeT4SME រួមជាមួយនឹងដៃគូអនុវត្តគម្រោងដទៃទៀត ជាពិសេសគឺ Swisscontact, UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) សម្រាប់ការគាំទ្រធនធានផ្នែកបទពិសោធន៍និងហិរញ្ញវត្ថុ ដើម្បីឲ្យគម្រោងនេះ អាចដំណើរការទៅបាន។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា ស្តីពីការគ្រប់គ្រងនិងការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍៕