(ហាណូយ)៖ វៀតណាមដែលជាប្រទេសនាំចេញកាហ្វេធំជាងគេទីពីរក្នុងពិភពលោកកំពុងប្រឈមនឹងការពិបាកអនុលោមតាមច្បាប់ថ្មីរបស់សហភាពអឺរ៉ុបស្តីពីពាណិជ្ជកម្មប្រឆាំងការកាប់បំផ្លាញព្រៃឈើ។ នេះបើយោងតាមកាសែត Channel News Asia។

អឺរ៉ុបគឺជាទីផ្សារកាហ្វេដ៏ធំបំផុតរបស់វៀតណាម។ ប្រហែល ៥០ ទៅ ៦០ភាគរយនៃការនាំចេញកាហ្វេសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះឆ្ពោះកាន់អឺរ៉ុបជារៀងរាល់ឆ្នាំ។

កាសែត Channel News Asia បានរាយការណ៍ សភាអ៊ឺរ៉ុបកាលពីខែមេសាបានអនុម័តច្បាប់មួយដើម្បីហាមឃាត់ទំនិញដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ ហើយទាមទារភស្តុតាងដែលបង្ហាញថា ទំនិញនាំចូលមិនពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ ទំនិញដែលរងផលប៉ះពាល់រួមមាន កាកាវ ប្រេងដូង ឈើ សណ្តែក កៅស៊ូ និងកាហ្វេ។

ក្រុមហ៊ុននានាបានឱ្យដឹងថា ច្បាប់ថ្មីនេះនឹងប៉ះពាល់ដល់កសិករ និងក្រុមហ៊ុននាំចេញរបស់វៀតណាម ដែលនឹងត្រូវដោះស្រាយជាមួយនឹងឯកសារស្មុគស្មាញសម្រាប់ធ្វើការផ្តល់ភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលោក Le Minh Hoan មានប្រសាសន៍ថា៖ «បទប្បញ្ញត្តិនេះនឹងប៉ះពាល់ដោយផ្ទាល់ដល់ភាគីពាក់ព័ន្ធក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងប៉ះពាល់ដល់ជីវភាពរបស់កសិករ ជាពិសេសកសិករតូចតាចដែលប្រមូលផ្ដុំគ្នាក្លាយជាផលិតកម្មកាហ្វេភាគច្រើនរបស់វៀតណាម»។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហាណូយថា៖ «ពួកគេនឹងប្រឈមបញ្ហាជាច្រើន ជាពិសេសទាក់ទងនឹងទិន្នន័យទីតាំង ភាពអាចតាមដានបាន ប្រព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដែលគ្មានការកាប់បំផ្លាញព្រៃឈើ»។ នេះបើយោងតាមកាសែត Channel News Asia៕