(បាងកក)៖ កសិករ សហគ្រិន និងក្រុមហ៊ុននាំចេញកៅស៊ូថៃត្រូវបានណែនាំឱ្យសម្របខ្លួនឱ្យបានឆាប់រហ័សទៅនឹងបញ្ហាប្រឈមនានា រួមទាំងជម្លោះភូមិសាស្ត្រនយោបាយ និងវិធានការបរិស្ថានដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មកសិកម្ម ក៏ដូចជាច្បាប់ថ្មីរបស់សហភាពអឺរ៉ុប (EU) ទាក់ទងនឹងផលិតផលនិងការកាប់បំផ្លាញព្រៃឈើផងដែរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្ដិ៍។
លោក Poonpong Naiyanapakorn អគ្គនាយកការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានប្រាប់កាសែតបាងកកប៉ុស្ដិ៍ថា ថៃគឺជាប្រទេសផលិតកៅស៊ូឈានមុខគេរបស់ពិភពលោក ដោយការផលិតកៅស៊ូធម្មជាតិបានកើនដល់ ៤,៨ លានតោនកាលពីឆ្នាំមុនស្មើនឹង ៣៣% នៃទិន្នផលពិភពលោក។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទីពីរក្នុងការនាំចេញកៅស៊ូនិងផលិតផលកៅស៊ូបន្ទាប់ពីប្រទេសចិន។
លោក Poonpong បានបន្តថា ការនាំចេញកៅស៊ូប្រឈមនឹងឧបសគ្គមួយចំនួន រួមទាំងការបែងចែកនយោបាយ និងការកើនឡើងគោលនយោបាយស្វ័យទីពឹងដែលត្រូវបានអនុម័តដោយប្រទេសមួយចំនួន។
សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍកៅស៊ូធម្មជាតិពីរុក្ខជាតិជំនួសដើមកៅស៊ូដូចជា ដើម guayule និង dandelion ។
ដើម Guayule គឺជាដើមគ្មានជាតិប្រូតេអ៊ីន ដែលស័ក្តិសមសម្រាប់ការផលិតស្រោមដៃវេជ្ជសាស្រ្ត និងថង់កៅស៊ូ។ ដើមនេះអាចដាំដុះនៅតំបន់ស្ងួតបាន ខណៈដែលដើម dandelions គេយកទឹកក្តៅទៅប្រើធ្វើជាសារធាតុរំលាយសម្រាប់ការទាញយកជ័រពីដើមនេះដែលធ្វើឱ្យវាមិនប៉ះពាល់ដល់បរិស្ថាន។
លោក Poonpong បានថ្លែងថា ប្រសិនបើប្រភពកៅស៊ូធម្មជាតិជំនួសទាំងនេះអាចជំនួសកៅស៊ូប្រកបដោយប្រសិទ្ធភាព និងបង្ហាញថាមានប្រសិទ្ធភាពខ្ពស់នោះ វាអាចប៉ះពាល់ដល់ការនាំចេញនាពេលអនាគតរបស់ប្រទេសថៃ។
លើសពីនេះទៀត ក៏មានការជំរុញផ្នែកបរិស្ថានដែលសង្កត់ធ្ងន់លើការផលិតកៅស៊ូប្រកបដោយនិរន្តរភាពផងដែរ ដែលកំពុងក្លាយជានិន្នាការពិភពលោកដ៏សំខាន់។
ប្រទេសផលិតកៅស៊ូតម្រូវឱ្យទទួលខុសត្រូវសង្គមនិងបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ អភិរក្សធនធានធម្មជាតិ និងធានាសុខុមាលភាពរបស់កម្មករ និងសហគមន៍។
យោងតាមលោក Poonpong ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាពបានទទួលនូវសារៈសំខាន់កាន់តែខ្លាំងដោយសារតម្រូវការអ្នកប្រើប្រាស់នូវផលិតផលដែលមិនប៉ះពាល់បរិស្ថាន។ ឧទាហរណ៍ ក្រុមហ៊ុនផលិតសំបកកង់រថយន្តធំៗមានគោលនយោបាយទិញជ័រកៅស៊ូពីចម្ការកៅស៊ូដែលមានការបញ្ជាក់ដែលបង្ហាញពីការគ្រប់គ្រងប្រកបដោយនិរន្តរភាព។
នៅឆ្នាំ២០២២ ការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូពិភពលោកមានតម្លៃ ២១៨ពាន់លានដុល្លារ។ ប្រទេសនាំចេញកំពូលទាំងប្រាំគឺប្រទេសចិនដែលមានតម្លៃនាំចេញ ៣១,៥ពាន់លានដុល្លារ ប្រទេសថៃ ១៨,៨ពាន់លានដុល្លារ អាល្លឺម៉ង់ ១៧,៥ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ១៤,៧ ពាន់លានដុល្លារ និងជប៉ុន ១០,៧ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕