(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងសាធារណជនទូទៅថា ខ្លួនសម្រេចដាក់ឱ្យអនុវត្តប្រកាសចំនួន២ គឺប្រកាសស្តីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់ នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។
ប្រកាស ស្តីពីដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានគោលបំណងពង្រឹងដើមទុន និងភាពធន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងការទប់ទល់នឹងហានិភ័យផ្សេងៗ ជាពិសេសហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ និងហានិភ័យទីផ្សារសំដៅការពារ អ្នកដាក់ប្រាក់បញ្ញើ អ្នកវិនិយោគ និងរក្សាស្ថិរភាពអាជីវកម្មរបស់គ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។
ប្រកាសនេះ ក៏ឆ្លុះបង្ហាញពីការត្រៀមលក្ខណៈជាស្រេច របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទៅអនាគត តាមរយៈការកំណត់ជាមុននូវលក្ខខណ្ឌ នៃការទទួលស្គាល់ឧបករណ៍ ហិរញ្ញវត្ថុនៅក្នុងដើមទុនថា្នក់ទី១ និងថ្នាក់ទី២ របស់គ្រឹះស្ថាន។ ការអនុវត្តតាមវិធាននិងស្តង់ដារអន្តរជាតិ ដែលកំណត់ក្នុងប្រកាសនេះ នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះប្រព័ន្ធធនាគារកម្ពុជាទាំងមូល និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិន និងស្ថាប័នផ្តល់កម្ចីនានា ជាពិសេសស្ថាប័នផ្តល់កម្ចីពីបរទេស។
ទន្ទឹមនេះប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងដាក់ចេញនូវរិធាននៃការថ្លឹង ហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះមានកម្រិតខុសៗគ្នា ផ្អែកលើប្រភេទឥណទាន និងអ្នកខ្ចីឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថាន អាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។
ទន្ទឹមនឹងការដាក់វិធានប្រុងប្រយ័ត្ន ធនាគារជាតិនៃកម្ពុជាក៏ថ្លឹងថ្លែង និងគិតគូរយ៉ាងម៉ត់ចត់ ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ ក្នុងនោះមានជំរុញឱ្យការគាំទ្រដល់ការបោះផ្សាយមូលបត្ររដ្ឋ តាមរយៈការថ្លឹងហានិភ័យសូន្យភាគរយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួមវិនិយោគលើមូលបត្ររដ្ឋ និងលើកកម្ពស់លទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលទុនដើម្បីអភិវឌ្ឍប្រទេសជាតិ
ក្នុងនោះមានការយកចិត្តទុកដាក់ជាពិសេសចំពោះ៖
១៖ ការគាំទ្រនិងលើកទឹកចិត្តដល់ការផ្តល់ឥណទាន ទៅសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានការចុះបញ្ជីត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញវត្ថុសមស្រប តាមរយៈការថ្លឹងហានិភ័យត្រឹមតែ ៧៥% ដើម្បីឱ្យសហគ្រាសទាំងនោះ អាចទទួលបានឥណទាន ក្នុងអត្រាការប្រាក់សមរម្យពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកពង្រឹងការអនុវត្តវិធានការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ចំពោះសហគ្រាសទាំងនោះផងដែរ តាមរយៈយន្តការលើកទឹកចិត្តដល់សហគ្រាស ដែលនៅក្រៅប្រព័ន្ធឱ្យចូលមកក្នុងប្រព័ន្ធផ្លូវការ។
២៖ ការគាំទ្រដល់យន្តការធានាឥណទានបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយការថ្លឹងហានិភ័យសូន្យភាគរយ ចំពោះចំណែកឥណទានដែលត្រូវបានធានា ដើម្បីសម្រួលឱ្យសហគ្រាសធុនមី តូច និងមធ្យមទទួលបានប្រភពទុនកាន់តែច្រើនជាងមុន។
៣៖ ការគាំទ្រចំពោះវិស័យកសិកម្ម វិស័យអប់រំ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការបន្ធូរបន្ថយ ការថ្លឹងហានិភ័យក្នុងកម្រិត ៨៥% ចំពោះឥណទានក្នុងទំហំសមស្របដែលផ្តល់ឱ្យរូបវន្តបុគ្គល ការគាំទ្រដល់ការទិញលំនៅឋាន សម្រាប់គោលបំណងស្នាក់នៅ តាមរយៈការបន្ធូរបន្ថយ។
៤៖ ការដាក់ឱ្យអនុវត្តអនុបាតឥណទានធៀបនឹងតម្លៃអចលនទ្រព្យ (LTV) តឹងរ៉ឹងសម្រាប់ឥណទាន ចំពោះវិស័យអចលនទ្រព្យ សំដៅលើកកម្ពស់ការអនុវត្តស្តង់ដារអន្តរជាតិ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ម្ចាស់ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យឱ្យចុះបញ្ជីជានីតិបុគ្គល ដែលការណ៍នេះ នឹងរួមចំណែកពង្រឹងការអនុវត្តវិធានការ ប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។
៥៖ ការថ្លឹងហានិភ័យឥណទានការគាំទ្រ និងលើកទឹកចិត្តដល់ហិរញ្ញប្បទានបៃតង តាមរយៈការបន្ធូរបន្ថយការថ្លឹងហានិភ័យត្រឹមតែ ៨០% ក្នុងអំឡុងពេលគម្រោងកំពុងប្រតិបត្តិការ និងការលើកទឹកចិត្ត ចំពោះការវិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យា របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕