(ហ្សឺណែវ)៖ ប្រទេសចិនដែលជាអ្នកនេសាទធំជាងគេក្នុងពិភពលោកបានទទួលយកជាផ្លូវការនូវកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋសម្រាប់វិស័យជលផលដែលបង្កើតឡើងដោយសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ស្ថិតក្រោមកិច្ចព្រមព្រៀងជាសកលដ៏កម្រដើម្បីធ្វើបច្ចុប្បន្នភាពច្បាប់ពាណិជ្ជកម្មដែលបានធ្វើឡើងកាលពីមួយឆ្នាំមុន សមាជិកចំនួន១៦៤ របស់អង្គការ WTO បានយល់ព្រមធ្វើការឆ្ពោះទៅរកការលុបបំបាត់ការឧបត្ថម្ភធន “ដ៏គ្រោះថ្នាក់” ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលកំពុងបង្កមហន្តរាយដល់ត្រីនៅក្នុងសមុទ្រ។

ប៉ុន្តែពីរភាគបីនៃសមាជិករបស់អង្គការ WTO ត្រូវតែផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយ ខចែងមួយចំនួនមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ យោងតាមគេហទំព័ររបស់ WTO បានបង្ហាញថា រហូតមកដល់ពេលនេះមានតែប្រទេសចំនួន១១ ប៉ុណ្ណោះដែលបានទទួលយកជាផ្លូវការ។

លោក Ngozi Okonjo-Iweala អគ្គនាយក WTO បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលធ្វើឡើងនៅប្រទេសចិនថា៖ «ក្នុងនាមជាប្រទេសនាំមុខគេក្នុងពិភពលោកក្នុងការនេសាទត្រីសមុទ្រ ការគាំទ្ររបស់ប្រទេសចិនសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងពហុភាគីដើម្បីការពារសមុទ្រ សន្តិសុខស្បៀង និងជីវភាពរស់នៅ»
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសចិននឹង «ធ្វើការជាមួយសមាជិកទាំងអស់ ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន» និងធ្វើការលើដំណាក់កាលទីពីរនៃការចរចា «ក្នុងលក្ខណៈវិជ្ជមាន និងស្ថាបនា»។

យោងតាមការសិក្សាឆ្នាំ២០១៩ ដែលបានចេញផ្សាយនៅក្នុងគោលនយោបាយសមុទ្រ ការឧបត្ថម្ភធនសកលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៥,៤ពាន់លានដុល្លារ។ ប្រទេសដែលផ្តល់ឧបត្ថម្ភធនច្រើនជាងគេទាំងប្រាំគឺប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕