(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ចំពោះការបោះជំហានចូលផ្សារហ៊ុន ប្រៀបបីដូចជាការហាត់ប្រាណ ប៉ុន្ដែការហាត់ប្រាណក្នុងផ្សារមូលបត្រ មិនត្រឹមតែអាចរកចំណូលប៉ុណ្ណោះទេ ថែមទាំងអាចស្ទាបស្ទង់ពីសុខភាព របស់ក្រុមហ៊ុនខ្លួនបានទៀតផង។
ការលើកឡើងរបស់លោក ហុង សុហួរ ធ្វើឡើងក្នុងកម្មវិធីការចុះបញ្ជីជាផ្លូវការ របស់ក្រុមហ៊ុន សែលកាត (Cellcard) នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោក ហុង សុហួរ បានថ្លែងថា «ខ្ញុំប្រៀបធៀប ការរៀបចំខ្លួនចូលផ្សារហ៊ុន ប្រៀបបីដូចជាការហាត់ប្រាណមួយ ហើយហាត់ប្រាណក្នុងផ្សារហ៊ុន អាចដឹងពីសុខភាពរបស់ខ្លួននៅកម្រិតណា? ការហាត់ប្រាណក្នុងផ្សារហ៊ុន មិនត្រឹមតែមិនចំណាយទេ តែអាចគៀងគររកចំណូលដល់ក្រុមហ៊ុនថែមទៀត»។
ផ្សារមូលបត្រកម្ពុជា គឺជាប្រភពហិរញ្ញប្បទានថ្មីមួយទៀត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានសក្តានុពល និងមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការកៀរគរទុនពីសាធារណជនទៅប្រើប្រាស់» ដើម្បីពង្រីកអាជីវកម្ម បន្ថែមពីលើប្រភពទុនដែលមានស្រាប់។ ការធ្វើពិពិធកម្មនេះ មិនត្រឹមតែបានផ្ដល់ទុន សម្រាប់ជួយជម្រុញការលូតលាស់អាជីវកម្មប៉ុណ្ណោះទេ តែថែមទាំងបង្កើនកិត្យានុភាពរបស់ក្រុមហ៊ុន និងជួយឱ្យក្រុមហ៊ុនទទួលបានទំនុកចិត្តកាន់តែខ្លាំងពីវិនិយោគិននិងអតិថិជន ក៏ដូចជា ផ្ដល់នូវការលើកទឹកចិត្តផ្នែកពន្ធផងដែរ។
បច្ចុប្បន្នភាពទីផ្សារភាគហ៊ុន ដែលគិតមកពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៩ ដែលរួមមានក្រុមហ៊ុនចំនួន១០ បានចុះបញ្ជីជាភាគហ៊ុន (៨ក្រុមហ៊ុននៅទីផ្សារគោល និង ២ក្រុមហ៊ុនទីផ្សារកំណើន) ក្រុមហ៊ុនទាំង១០ ប្រមូលទុនពីទីផ្សារសរុបប្រមាណជា ១២៤ លានដុល្លារអាមេរិក និង ៩ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម បើរាប់បញ្ចូលទាំងសញ្ញាបណ្ណបំណុលសរុបប្រមាណជា ៣២៣.៥ លានដុល្លារអាមេរិក។
លោកបន្ថែមថា «យើងក៏រំពឹងថានឹងមានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាបន្តបន្ទាប់ សម្រាប់ពាក់កណ្តាលឆ្នាំទៀតនៃឆ្នាំ២០២៣នេះផងដែរ»។
លោករំពឹងថា ការចូលរួមរបស់ម្ចាស់អាជីវកម្មឈានមុខដូចជា អ្នកឧកញ៉ា គិត ម៉េង នៅក្នុងទីផ្សារមូលបត្រនឹងធ្វើឱ្យទីផ្សារ កាន់តែមានការរីកចម្រើន។
សូមជម្រាបថា ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង បានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន ដោយជោគជ័យ ក្នុងទំហំបោះផ្សាយសរុបប្រមាណ ២១ប៊ីលានរៀល ឬ ៥.២លានដុល្លារ ថ្លៃបោះផ្សាយដំបូង ២ ២៧០រៀល ក្នុងមួយភាគហ៊ុន ជាមួយនឹងការផ្តល់ជូនពិសេស ទៅដល់ភាគហ៊ុនិកសាធារណៈ ដែលជាអតិថិជនរបស់ក្រុមហ៊ុន គឺការធានាភាគលាភអប្បបរមា ៧% សម្រាប់រយៈពេល ៥ឆ្នាំ៕