(ភ្នំពេញ)៖ នៅខែមីនា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សាកលប្រចាំប្រទេសកម្ពុជា (GGGI) សហការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានដាក់ឱ្យដំណើរការ គម្រោងជំរុញការបោះ-ផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

នៅពេលនេះ ESCAP និងដៃគូសហការបានប្រកាសថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណឯកជនចំនួន ៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពក្នុងឆ្នាំ២០២៣។

ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស រួមមាន៖

១៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត៖ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើនៅកម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់ ៥០ លាន ដុល្លារ អាមេរិក។

២៖ ក្រុមហ៊ុន ហ្គោលដេន ទ្រី៖ ជាក្រុមហ៊ុនអចលនទ្រព្យ ដែលនឹងត្រូវទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតងជាលើកទីពីរ ក្នុងទំហំទឹកប្រាក់២៥ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង។

៣៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Royal Group Phnom Penh SEZ)៖ ជាក្រុមហ៊ុន ចុះ បញ្ជី លក់មូលបត្រ ជាសាធារណៈ ដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ នឹងទទួលបានការគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពក្នុងទំហំទឹកប្រាក់ ២០លានដុល្លារ៕