(ប៉េកាំង)៖ ប្រទេសចិនបានលក់រថយន្ត ទៅក្រៅប្រទេសបានច្រើនជាងប្រទេសដទៃទៀត នៅក្នុងត្រីមាសទី១ ឆ្នាំនេះ មួយផ្នែកដោយសារការកើនឡើងការលក់ទៅឱ្យអតិថិជន នៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុលំដាប់ ពិភពលោក AlixPartners ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រទេសមហាអំណាចអាស៊ីមួយនេះ បាននាំចេញរថយន្តចំនួន ១.០៧លានគ្រឿងក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំនេះ ដោយវ៉ាដាច់ប្រទេសជប៉ុន ដែលជាអ្នកនាំមុខដ៏យូរមកហើយ។

ប្រទេសចិនបានចែកចាយរថយន្តចំនួន ១១២ ០០០គ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដែលប្រហែលស្មើនឹងចំនួនសរុប ដែលប្រទេសនេះបានលក់នៅទីនោះ ក្នុងរយៈពេលពេញមួយឆ្នាំមុន។ ក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសលោកខាងលិចភាគច្រើន បានបោះបង់ចោលការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី ដោយសារការលុកលុយរបស់ប្រទេសនេះ លើប្រទេសអ៊ុយក្រែន។

ភាពជោគជ័យនៃម៉ាកយីហោរបស់ចិន នៅប្រទេសផ្សេងទៀតនៅអឺរ៉ុប និងអាមេរិក នៅមានកម្រិតនៅឡើយ ដោយក្រុមហ៊ុនចិនបានលក់រថយន្តត្រឹមតែ ៩សែនគ្រឿងប៉ុណ្ណោះនៅទីនោះកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនផ្តល់ប្រឹក្សានេះរំពឹងថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់ទីផ្សារទាំងនោះនឹងកើនឡើង ៦៧% នៅឆ្នាំ២០២៦ ខណៈដែលក្រុមហ៊ុននានារួមទាំង BYD Co. និងក្រុមហ៊ុន Xpeng Inc. ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីពង្រីកការលក់ទៅក្រៅប្រទេស។

លោក Stephen Dyer នាយកគ្រប់គ្រងក្រុមហ៊ុន AlixPartners នៅទីក្រុងសៀងហៃ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Co. បានប្រាប់អ្នកយកព័ត៌មានថា «យើងជឿថាពេលនេះជាពេលដែលម៉ាកយីហោចិន ចាប់ផ្តើមបញ្ចេញឥទ្ធិពលរំខានរបស់ពួកគេ នៅលើទីផ្សារលោកខាងលិចហើយ»

ក្រុមហ៊ុននេះបានព្យាករថា ការលក់រថយន្តធុនស្រាលទូទាំងពិភពលោក នឹងកើនឡើង ៥% នៅឆ្នាំនេះ ភាគច្រើនដោយសារការកើនឡើង តម្រូវការរថយន្តអគ្គិសនី។ ក្រុមហ៊ុនព្យាករថា ការលក់រថយន្តនៅសហរដ្ឋអាមេរិក នឹងកើនឡើង ១០% នៅអឺរ៉ុបកើនឡើង ៦% និងនៅចិនកើនឡើង ៣ %។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕