(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា គោលដៅក្នុងការនាំចេញអង្ករ ១លានតោន នឹងសម្រេចឲ្យបាននៅឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នសហព័ន្ធក៏ដូចជាភាគីពាក់ព័ន្ធ កំពុងរៀបចំយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីជំរុញការនាំចេញ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីសម្ពោធការនាំចេញអង្ករកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីនជាផ្លូវការចំនួនជាង ២៥០០តោន ដែលជាការនាំចេញលើកដំបូង ទៅកាន់ប្រទេសហ្វីលីពីន ហើយនៅពេលដ៏ខ្លីខាងមុខអង្ករ ២៥០០តោនទៀត នឹងបន្តនាំចេញទៅប្រទេសសមាជិកអាស៊ានមួយនេះដែរ។

លោកឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា បច្ចុប្បន្នកម្ពុជាក៏កំពុងបង្ហាញវត្តមានរបស់ខ្លួន លើទីផ្សារអន្ដរជាតិ ដើម្បីឲ្យអ្នកទិញទាំងអស់លើពិភពលោកបានដឹង និងស្គាល់ពីប្រទេសកម្ពុជាថា ជាប្រទេសមានសក្ដានុពលលើស្រូវអង្ករខ្លាំងប៉ុណ្ណា។

លោកឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា «ផែនការនៃការសម្រេចបានការនាំចេញអង្ករ ១លានតោន ក្នុងគោលដៅរបស់ខ្ញុំ ខ្ញុំចង់សម្រេចឲ្យបានក្នុងឆ្នាំ ២០២៥ខាងមុខនេះ ជាមួយនឹងការចង់បាននេះ បច្ចុប្បន្នសហព័ន្ធស្រូវអង្ករបាននិងកំពុងរៀបចំយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីជំរុញក្នុងការនាំចេញជាច្រើនផងដែរ»

លោកឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា ដើម្បីជំរុញការនាំចេញ និងផ្សព្វផ្សាយពីទីផ្សារអង្ករ សហព័ន្ធស្រូវអង្ករបានរៀបចំការតាំងពិព័រណ៍ ក្នុងទីក្រុងឌូបៃ ដើម្បីឲ្យតំបន់អាហ្វ្រិច និងតំបន់ផ្សេងទៀត ឱ្យគេបានស្គាល់ពីអង្ករកម្ពុជា​ កម្មវិធីតាំងពិព័រណ៍បែបនេះ ពីមុនសហព័ន្ធស្រូវអង្ករពុំបានធ្វើនោះទេ ដោយសារតែកង្វះនូវព័ត៌មាន និងថវិកាមួយចំនួន ប៉ុន្ដែឥឡូវសហព័ន្ធ បាននិងកំពុងធ្វើ និងមានគម្រោងធ្វើការតាំងពីព័រណ៍ តាមបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត។

ជាក់ស្ដែងថ្មីៗនេះសហព័ន្ធស្រូវអង្ករ បានចូលរួមក្នុងពិព័រណ៌ចំណីអាហារ នៅក្នុងប្រទេសថៃ​ ហើយនៅខែតុលាខាងមុខនឹងគ្រោងតាំងពិព័រណ៍ ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ហើយទាំងនេះសុទ្ធតែជាកំពូលព្រឹត្តិការណ៍ ក្នុងការដាក់បង្ហាញចំណីអាហារលើពិភពលោក។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានបង្ហើបពីផែនការជំរុញការនាំចេញអង្ករ ឱ្យសម្រេចបាន១លានតោនផងដែរ។ លោកថាក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែង រៀបចំលិខិតបទដ្ឋាន ការបើកទីផ្សារ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការចុះកិច្ចព្រមព្រៀងសេរីជាមួយកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលរៀបចំឡើងនាថ្មីៗនេះ។

លោករដ្ឋមន្រ្ដីបានមើលឃើញថា ចំពោះការកិច្ចព្រមព្រៀងជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ពិតជាមានសារៈសំខាន់ ក្នុងការជំរុញការនាំចេញអង្កររបស់កម្ពុជា ព្រោះប្រទេសនេះ ជាមជ្ឈមណ្ឌលមួយ ក្នុងការចែកចាយអង្ករទៅកាន់តំបន់អាហ្វ្រិក ភាគច្រើនប្រជាពលរដ្ឋរស់នៅតំបន់អាហ្វ្រិក ទទួលទានអាហារស្រដៀងនឹងកម្ពុជា កត្តាទាំងនេះបង្ហាញយ៉ាងច្បាស់ថា កាលណាមានទីផ្សារ ការនាំចេញនឹងប្រព្រឹត្តិទៅដោយភាពល្អប្រសើរ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ផែនការនាំចេញអង្ករ១លានតោន នឹងសម្រេចបាននៅអាណត្តិក្រោយនេះ បច្ចុប្បន្នយើងបានរួមគ្នាទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានខិតខំប្រឹងប្រែង ដើម្បីជំរុញនាវាកម្ពុជាដើរទៅមុខបានលឿន និងល្អប្រសើរ»

សូមជម្រាបថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានជិត ៦៤ម៉ឺនតោន និងនាំចេញស្រូវបានជាង ៣លានតោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១ ២៥៥លានដុល្លារ។

នៅ៥ខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួនជិត ២៨ម៉ឺនតោន និងស្រូវចំនួនជាង ២លានតោន ទទួលបានថវិកាចំនួន ៧៣៦.៩០លានដុល្លារ៕