(បាងកក)៖ ប្រទេសថៃគ្រោងនឹងរឹតបន្តឹងច្បាប់ ចុះបញ្ជីលើផ្សារភាគហ៊ុន ខណៈរឿងអាស្រូវគណនេយ្យធំៗ ការបរាជ័យសងបំណុល និងចរាចរណ៍ភាគហ៊ុន ដែលមិនអាចពន្យល់បាន បានប៉ះពាល់ដល់វិនិយោគិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ក្រុមប្រឹក្សាភិបាលរបស់ផ្សារមូលបត្រថៃ (SET) កាលពីសប្តាហ៍មុនបានអនុម័ត «ការកែប្រែបទប្បញ្ញត្តិនៃការចុះបញ្ជី» ដែលរួមមានការបង្កើនអនុបាតលក់ភាគហ៊ុន (ratio of free-float) និងការកំណត់កម្រិតប្រាក់ចំណេញកាន់តែខ្ពស់ និងមូលធនភាគហ៊ុនិក។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយផ្សារមូលបត្រថៃថា ច្បាប់ថ្មីនេះនៅពេលដែលបានអនុម័ត ដោយនិយតករទីផ្សារ ក៏នឹងអនុវត្តផងដែរ ចំពោះផ្សារហ៊ុន Market for Alternative Investment board ដែលជាទីផ្សារសម្រាប់ ក្រុមហ៊ុនតូចៗ។
សន្ទស្សន៍ផ្សារមូលបត្រថៃ គឺជាសន្ទស្សន៍ហ៊ុនខ្សោយបំផុតនៅអាស៊ីក្នុងឆ្នាំនេះ ដោយវិនិយោគិនបរទេស បានលក់ភាគហ៊ុនចេញក្នុងទឹកប្រាក់ចំនួន ៣,១ពាន់លានដុល្លារ រហូតមកទល់ពេលនេះ ដែលជាលក់ចេញច្រើនបំផុត ក្នុងចំណោមផ្សារភាគហ៊ុន ដែលកំពុងស្ទុះងើបនៅក្នុងតំបន់អាស៊ី។ ការប្រែប្រួលតម្លៃខ្លាំងហួសហេតុ នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន រួមទាំងក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ប្រទេសថៃ និងរឿងអាស្រូវគណនេយ្យ ដែលនាំឱ្យមានការបរាជ័យសងបំណុល នៅក្រុមហ៊ុនផលិតខ្សែអគ្គិសនី ដែលបានចុះបញ្ជីនៅផ្សារហ៊ុន គឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ ដែលអង្រួនទំនុកចិត្តវិនិយោគិន នៅក្នុងផ្សារដែលមានតម្លៃ ៥៣៥ពាន់លានដុល្លារនេះ។
លោក Niwes Hemvachiravarakorn ដែលជាវិនិយោគិនបុគ្គលមានទ្រព្យសម្បត្តិច្រើន និងជាស្ថាបនិកក្លឹប Thai Value Investor Club បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា «ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ត្រូវការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាបន្ទាន់ ដើម្បីបង្ការការកើតមានហេតុការណ៍ នាពេលអនាគត»។
លោកបានបន្ថែមថា «ការពន្យារពេលថែមទៀតនឹងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន នៅក្នុងទីផ្សារថៃ»៕