(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី កំពុងចាប់ផ្តើមដំណើរការសាកល្បង រថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដែលនឹងតភ្ជាប់រដ្ឋធានីហ្សាការតា និងទីក្រុងបានឌុង (Bandung) បន្ទាប់ពីមានការពន្យារពេលជាច្រើនឆ្នាំ ហើយការចំណាយលើសលប់ បានញាំញីគម្រោងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក Luhut Panjaitan រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការ និងវិនិយោគសមុទ្រ បានថ្លែងទៅកាន់បុគ្គលិកកម្មករជនជាតិឥណ្ឌូណេស៊ី និងចិន បន្ទាប់ពីរថភ្លើងបានមកដល់ស្ថានីយ Tegal Luar ចុងក្រោយថា «៥ឆ្នាំក្រោយមកបន្ទាប់ពីគម្រោងបានចាប់ផ្តើម យើងបានមកដល់ចំណុចចុងក្រោយហើយ»។

ការបើកដំណើរការសាកល្បងនេះបានដឹកលើ Panjaitan និងនាយកក្រុមហ៊ុនរដ្ឋ និងអ្នកសារព័ត៌មានធ្វើដំណើរឆ្លងកាត់ តាមវាលស្រែ និងភ្នំបៃតង ដោយរថភ្លើងឆ្លងកាត់ផ្លូវរូងក្រោមដី និងផ្លូវទីខ្ពស់មួយចំនួន ចាប់ពីតំបន់ទំនាបនៃទីក្រុងហ្សាការតា ទៅកាន់តំបន់ទីក្រុងតំបន់ភ្នំ Bandung ក្នុងល្បឿន ៣៥៥គីឡីម៉ែត្រក្នុងមួយម៉ោង។

ការធ្វើដំណើរនៅលើផ្លូវរថភ្លើងប្រវែង ១៤២គីឡូម៉ែត្រនេះនឹងចំណាយពេលត្រឹមតែ ៣៦នាទីជាមួយនឹងរថភ្លើងដែលរត់ ក្នុងល្បឿនខ្ពស់បំផុត។ រថភ្លើងនេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៦០១នាក់ ហើយឈប់នៅតាមស្ថានីយ៍ចំនួន៤។

ផ្លូវរថភ្លើងល្បឿនលឿនទីក្រុងហ្សាការតា និងទីក្រុងបានឌុង ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដំបូងឡើយគ្រោងចំណាយតិចជាង ៦ពាន់លានដុល្លារ សម្រាប់តែក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ ដែលលក្រោយមកក្រុមហ៊ុនទាមទារយ៉ាងហោចណាស់ ១,១៨ពាន់លានដុល្លារបន្ថែមទៀត ដោយសារការកើនឡើងការចំណាយលើវិស្វកម្ម សំណង់ និងការទិញដី។

គម្រោងនេះត្រូវបានសាងសង់ និងដំណើរការដោយក្រុមហ៊ុន Kereta Cepat Indonesia China (KCIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន China Railway International Co. Ltd និងសម្ព័ន្ធក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី។ គម្រោងនេះត្រូវបានផ្តល់មូលនិធិភាគច្រើន ដោយធនាគារអភិវឌ្ឍន៍ចិន និងថវិការដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី។

ផ្លូវដែកនេះដំបូងឡើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែបានប្រឈមនឹងការពន្យារពេលជាច្រើនដង ដោយសារការចំណាយច្រើនជ្រុល និងការកើតមានឧប្បត្តិហេតុផ្សេងៗ។ ឥឡូវនេះ រថភ្លើងនេះត្រូវបានគម្រោងនឹងបើកសម្ពោធដំណើរការសាកល្បងនៅក្នុងខែសីហាខាងមុនខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕