(សៀមរាប)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់ខ្សែច្រវាក់ផលិតកម្ម​ស្វាយចន្ទី នៅសហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ និងសហគមន៍កសិកម្ម នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងឱកាសនេះ, បណ្ឌិតបានអនុញ្ញាតឱ្យអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេស ស្តីពីការដាំដុះស្វាយចន្ទី ឱ្យទទួលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូន ដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេសទៅជាការដាំដុះ ឱ្យទទួលបានជោគជ័យ។

លោកបណ្ឌិតបានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករ ដាំដុះស្វាយចន្ទីគួររៀបចំ​ពិនិត្យ​ និង​សិក្សា​លម្អិត​ពី​ផែនការ​ដាំដុះ​ បច្ចេកទេសក្នុងការថែទាំ​ និង​ប្រមូល​ផល​ និងសិក្សាស្វែងយល់​ ពីបញ្ហា​ប្រឈមមួយចំនួន នៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ​ នូវ​សំណួរ​មួយ​ចំនួន​មាន​ដូច​ជា​ គួរ​ដាំនៅពេលណា? គួរ​ចំណាយ​លើអីមុនគេ​ ហើយបន្ទាប់អីទៀត? គួរ​ដាក់​ជីនៅពេលណា​ ជីប្រភេទណាខ្លះហើយដាក់របៀបណា? គួរ​ថែទាំ​យ៉ាង​ម៉េច​? គួរថែរក្សា​ដីរបៀបណា​ ហេតុ​អ្វី​ត្រូវ​ថែរក្សា​ដី? គួរតែង​​មែកពេលណា​ របៀប​ណា ? ចុងក្រោយ​តើ​ប្រមូល​ផល​យ៉ាង​ម៉េច​?

បន្ថែមលើនេះ លោកបណ្ឌិតបានធ្វើការណែនាំ​ ឱ្យបងប្អូនគួរផ្លាស់ប្តូរផ្នត់គំនិតកែប្រែ ពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ឱ្យក្លាយជាការធ្វើកសិកម្មបែបទំនើបវិញ ដោយត្រូវចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ​ ក៏​ដូចជា​កែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ ឱ្យឆ្លៀតចិញ្ចឹមសត្វបន្ថែម និងចេះកែប្រែដីសម្រាប់ដាំដុះ ឱ្យទទួលបានទិន្នផលខ្ពស់​។ មួយវិញទៀត​វាប្រសើរជាការទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ​ ដែលជួយ​កែប្រែដីកុំឱ្យខូច​ ឬអន់ថយគុណភាព​ផងដែរ។ ហើយបងប្អូន ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល​ ដោយបងប្អូនអាចធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈបណ្ដាញ​សង្គម​ និងយូធូប​ (Youtube) ជាដើម ដើម្បីទទួលបានចំណេះដឹងបន្ថែម។  

មួយវិញទៀតដើម្បីទទួលបានជោគជ័យ, បណ្ឌិតបានស្នើដល់បងប្អូន គួរ​ធ្វើការចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី​ ក៏ដូចជាដំណាំរួមផ្សំ​ផ្សេងៗទៀតផងដែរ។

បណ្ឌិតណែនាំដល់បងប្អូន គូរត្រូវរៀបចំនូវ ផែនការណ៍ដាំដុះ, រៀបចំផែនការថែទាំ, ផែនការប្រមូលផល, រួម​គ្នាកែច្នៃពាក់កណ្តាលសម្រេច​ និង ធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ​ តាមរយៈកិច្ចសន្យាកសិកម្ម ដើម្បីធានាស្ថេរភាពតំលៃលើទីផ្សារ និងជៀសវាងការទំលាក់តំលៃ ពីឈ្មួញកណ្តាល។ 

ឆ្លើយតបទៅនឹងកង្វល់របស់បងប្អូនកសិករ អំពីបញ្ហាក្វះខាតថវិកា ដើម្បីពង្រីកការដាំដុះ, បណ្ឌិតបានលើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ​ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ឬដំណាំផ្សេងទៀត ឬពង្រីកការចញ្ចឹមសត្វ បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB​ បានក្នុង​អត្រា​ការប្រាក់​ទាបសមរម្យ​។

បណ្ឌិតបានបន្ថែមទៀតថា អត្រាការប្រាក់អនុគ្រោះសម្រាប់ការដាំដុះស្វាយចន្ទីនេះ​ គឺជា​អត្រា​ការប្រាក់​ដែលប្រមុខរដ្ឋាភិបាលផ្តល់ជូន​ដល់បងប្អូនប្រជាកសិករ​ ក្នុងការលើកទឹកចិត្ត​ និង​ជំរុញ​ដើម្បី ពង្រីក​ និង​រៀបចំ​ខ្សែ​ច្រវាក់ផលិតកម្មស្វាយចន្ទី​ សាងសង់​ឃ្លាំង​ស្តុក លាន​ហាល​ និងទិញម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច​ដែលមានស្តង់ដារខ្ពស់, ទិញជី​ ឬ​ផលិត​ជីកំប៉ុស​ដែលមានគុណភាព​ និង​ទិញថ្នាំ​ដែល​អាចយកមកប្រើមិនប៉ះពាល់សុខភាពខ្លួន​ និងអ្នកដែលទទួលទានចុងក្រោយ និងថែទាំដោយយកចិត្តទុកដាក់ខ្ពស់​ ដោយ​សំអាតស្មៅ​ ជ្រោយ​ដី​ ដាក់ទឹក​ និងដាំរុក្ខជាតិការពារស្រទាប់ដី។

បណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕